នាពេលបច្ជុប្បន្ននេះ មិនថាក្មេងចាស់ ប្រុស ឬស្រីនោះទេ គឺចូលចិត្ត គ្រឿងសមុទ្រក្រឡុក ដែលម្ហូបមួយប្រភេទនេះមានលក់តែនៅហាងមួយចំនួនតូចតែប៉ុណ្ណោះ។ គ្រឿងសមុទ្រក្រឡុក ដែលគេហៅកាត់ថា គ្រឿងសមុទ្រឡុកឡុក នេះគឺកំពុងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង នាសព្វថ្ងៃនេះ។ សូមកុំបារម្ហដើម្បីចៀសឆ្ងាយ ក៏ដូចជាទប់ស្កាត់កូវិដ១៩ និងរក្សាអនាម័យក្នុងការចម្អិននោះ យើងនិងបង្ហាញពីតិចនិចនៃការចម្អិន គ្រឿងសមុទ្របែបថៃ ដ៏ឈ្ងុយឆ្ងាញ់ដូចខាងក្រោម៖
គ្រឿងផ្សំ៖
១. គ្រឿងសមុទ្រ ក្ដាមថ្ម បង្គារ មឹក ប្រហិត (តាមចំណងចំណូលចិត្ត)
២. គ្រឿងទេស ដូចជា អំបិល ប៊ីចេង ប៊ឺ ទឹកប្រេងខ្យង ប្រេងល្ងរ ប្រេងសណ្ដែក ស្ករត្នោត ទឹកប៉េងបោះ ម្ទេសឆ្អើរម៉ត់ ម្ទេសហុយ
៣. មីអ៊ីតាលី ១កញ្ចប់
៤. ទឹកដោះគោឆៅ
៥. ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំម៉ត់
៦. បន្លែ ពោត ការ៉ុត (អាចបន្ថែមបន្លែផ្សេងទៀតបានតាមចំណូលចិត្ត)
របៀបធ្វើ៖
- ដាំទឹកស្រុះមីអ៊ីតាលី ដោយដាក់ប្រេងខ្លាញ់ចូលក្នុងទឹកនោះ ហើយទុកមួយឡែកសិន ។ បន្ទាប់មក អប់គ្រឿងសមុទ្រ ក្តាមថ្ម បង្គារ មឹក និងបន្លែ ពោត ការ៉ុត ប្រហិតអោយបានឆ្អិនល្អសិន។
- ឆាគ្រឿងផ្សំ ដោយដាក់ខ្លាញ់ និង ប៊ឺចូលគ្នានៅក្នុងខ្ទះឲ្យរលាយហើយ ចាក់ខ្ទឹមសនិងខ្ទឹមក្រហមចូលបំពងវាឲ្យឈ្ងុយហើយដាក់ម្ទេសឆ្អើរម៉ត់ចូលលីងវា។
- បន្ទាប់មកទៀតចាប់ផ្តើមដាក់គ្រឿងទេសជាបណ្ដើរៗមានដូចជា ទឹកប្រេងល្ងរ ទឹកប្រេងខ្យង ស្ករត្នោត ស្ករស អំបិល ប៊ីចេង ទឹកប៉េងបោះនិងទឹកដោះគោស្រស់ក្រោយគេ ហើយកូរវារហូតដល់ពុះ ដែលវាមានរសជាតិប្រៃផ្អែមល្មម យើងអាចដាក់គ្រឿងផ្សំតាមរសជាតិដែលយើងចូលចិត្តបាន។ ចុងក្រោយយើងយកគ្រឿងសមុទ្រដែលបានអប់រួច ចាក់ចូលក្នុងខ្ទះច្របល់ជាមួយមីអ៊ីតាលី ជាការស្រេច។
អត្ថបទដោយ៖ ពិសី
