
ដោយ៖ឧត្តម
កម្មវិធីអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA គឺជាផ្នែកមួយនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ Generalized Scheme of Preferences ឬ GSP) របស់សហភាពអឺរ៉ុប ផ្ដល់ឱ្យដល់ក្រុមប្រទេសកំពុងអភិវឌ្ឍ។ ក្រោមកម្មវិធីអនុគ្រោះពន្ធ EBA នេះ សហភាពអឺរ៉ុបផ្ដល់ឱ្យជាឯកតោភាគី ឬដោយខ្លួនឯង នូវលទ្ធភាពនាំចេញផលិតផលគ្រប់មុខទំនិញសព្វសារពើ លើកលែងតែអាវុធ និងគ្រាប់រំសេវតែប៉ុណ្ណោះ ទៅកាន់ទីផ្សារតែមួយរបស់សហភាពអឺរ៉ុប ដោយមិនចាំបាច់បង់ពន្ធ និងដោយគ្មានកូតាកំណត់ ដល់បណ្ដារដ្ឋទាំងអស់ ដែលត្រូវចាត់ចូលក្នុងជំពូកជាក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុត (LDC) របស់អង្គការសហប្រជាជាតិ។
តើកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ (EBA)ជាអ្វី?
អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សា សហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។ ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផ ប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។
ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។
ដូចគ្នាដែរ ការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុបក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។ ការនាំចេញអាចប្រព្រឹត្តទៅ បាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញដែលកំណត់ធាតុផ្សំក្នុងស្រុក (local content) ត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។
ចំណែកឯប្រព័ន្ធអនុគ្រោះពន្ធទូទៅ
តើកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ GSPជាអ្វី?
ដោយឡែកបើយើងងាកមកស្វែងយល់កម្មវិធីនេះវិញគឺជាកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ Generalized System Preferences ឬហៅកាត់ថា GSP របស់អាមេរិកនេះ បង្កើតឡើងតាំងពីឆ្នាំ ១៩៧៦ ជួយប្រទេសក្រីក្រ ឲ្យបង្កើនទំហំប្រាក់ចំណូលក្នុងការនាំចេញទំនិញ ជួយពង្រឹងវិស័យឧស្សាហកម្ម និង ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច។
ប្រទេសដែលរាប់ថា ជាប្រទេសក្រីក្រ គឺប្រទេសដែលមានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម ឬ (GDP) របស់ពលរដ្ឋម្នាក់ៗ តិចជាង ១,០២៥ ដុល្លារ តិចជាងបីដុល្លារក្នុងមួយថ្ងៃ។ ស្ថាប័នដែលកំណត់ថាប្រទេសណាមួយ ជាប្រទេសក្រីក្រ គឺគណៈកម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍ របស់អង្គការសហប្រជាជាតិ។ស្របគ្នានេះដែរកម្ពុជាចាប់ផ្ដើមទទួលបានការអនុគ្រោះពន្ធ GSP នៅឆ្នាំ ១៩៩៧។ តាមរយៈការអនុគ្រោះនេះ ក្នុងមួយឆ្នាំៗ កម្ពុជានាំចេញទំនិញទៅទីផ្សារសហរដ្ឋអាមេរិក គិតជាទឹកប្រាក់ជាង ១៨០លានដុល្លារ។ កាលពីខែមេសា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បន្តផ្ដល់ការអនុគ្រោះពន្ធនេះ ដល់កម្ពុជា រហូតដល់ឆ្នាំ ២០២០។
សូមបញ្ជាក់ថា កម្មវិធីអនុគ្រោះពន្ធ EBA ក៏ដូចជាប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ទាំងមូលដែរ មានគោលដៅជួយដល់ក្រុមប្រទេសកំពុងអភិវឌ្ឍ ក្នុងកិច្ចប្រឹងប្រែងឈានទៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់អភិបាលកិច្ចល្អ និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចិរភាព ដោយជួយជ្រោមជ្រែងក្រុមប្រទេសទាំងនោះ ឱ្យបង្កើតចំណូលបន្ថែមតាមរយៈការធ្វើពាណិជ្ជកម្ម ឬជំនួញអន្តរជាតិ៕
