We TV Cambodia

តោះមកយល់ដឹងពីនិយមន័យរបស់ទីផ្សារមូលប័ត្រ

តោះមកយល់ដឹងពីនិយមន័យរបស់ទីផ្សារមូលប័ត្រ

ទីផ្សារមូលបត្រគឺជាកន្លែងសម្រាប់ធ្វើការជួញដូរមូលបត្រ និង ឧបករណ៍ហិរញ្ញវត្ថុដទៃទៀត។ តាមនិយមន័យច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន “សំដៅដល់ទីផ្សារ ឬទីកន្លែងជួញដូរមូលបត្រ ឬប្រព័ន្ធដែលផ្តល់មធ្យោបាយនៃការធ្វើសំណើលក់ ផ្ទេរ ឬការទិញ-លក់មូលបត្រ” ឧបករណ៍ហិរញ្ញវត្ថុដែលតែងតែត្រូវបានជួញដូរលើទីផ្សារនេះ រួមមានមូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទជាដើម។

ទីផ្សារមូលបត្រ គឺជាកត្តាមូលដ្ឋានមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចគេតែងតែនិយាយថា ទីផ្សារមូលបត្រគឺជានិមិត្តរូបនៃសេដ្ឋកិច្ចជាតិមួយទាំងមូល។ ជាការពិតណាស់រាល់បម្រែបម្រួលនៃបរិបទជាតិ និង អន្តរជាតិ (សេដ្ឋកិច្ច-សង្គមនិងនយោបាយ) វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ទីផ្សារមូលបត្រភ្លាម ដោយគ្រាន់តែមើលទៅលើសន្ទស្សន៍ហ៊ុន គេនឹងឃើញពីឥទ្ធិពលរបស់ទីផ្សារមូលបត្រលើសេដ្ឋកិច្ចយ៉ាងណា ពីព្រោះសន្ទស្សន៍ហ៊ុនរបស់ផ្សារមូលបត្រ វាបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាតិ។

ហេតុនេះ ស្ទើរតែគ្រប់បណ្តាប្រទេសអភិវឌ្ឍទាំងអស់ មានទីផ្សារមូលបត្រនេះ ហើយវាបានដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចជាតិ៖

១. ទីផ្សារមូលបត្រជួយជំរុញឲ្យមហាជនបង្កើននូវការសន្សំ និងកៀរគរមូលធនដែលនៅសេសសល់ មិនមានតម្រូវការប្រើប្រាស់យកទៅវិនិយោគក្នុងសេដ្ឋកិច្ច។

២. ទីផ្សារមូលបត្រគឺជាមធ្យោបាយមួយប្រមែប្រមូលកៀរគនូវប្រភពមូលធនដែលនៅទំនេរតូចៗ មិនទាន់មានតម្រូវការប្រើប្រាស់ ពូនផ្តុំជាមូលធនធំមួយដើម្បីវិនិយោគក្នុងវិស័យសេដ្ឋកិច្ចរូបវន្ត។

៣. ទីផ្សារមូលបត្រគឺជាឧបករណ៍មួយជួយសម្រួលដល់រដ្ឋាភិបាល ក្នុងការអនុវត្តន៍នូវកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

៤. ទីផ្សារមូលបត្រគឺជាឧបករណ៍មួយដើម្បីទាក់ទាញ និងស្រូបយកនូវមូលធនពីបរទេស។

៥. ទីផ្សារមូលបត្រជួយជំរុញឲ្យបណ្តាក្រុមហ៊ុននានា ប្រកបអាជីវកម្មដោយប្រសិទ្ធភាព និងមានតម្លាភាព។

៦. ទីផ្សារមូលបត្រជួយជំរុញឲ្យប្រភពមូលធនក្នុងស្រុកមានចរាចរ ឬចលនារស់វើក។

៧. ទីផ្សារមូលបត្រជួយបង្កើតនូវទម្លាក់នៃការវិនិយោគ។

សូមជម្រាបថាកម្ពុជាក៏មានផងដែរនូវទីផ្សារមូលប័ត្រកម្ពុជា ដោយទីផ្សារមូលប័ត្រកម្ពុជា គឺជាសហគ្រាសរួមគ្នាមួយដែលធ្វើប្រតិបត្តិការផ្សាហ៊ុនរបស់រដ្ឋាភិបាលប្រទេសកម្ពុជា ៥៥% និងភាគហ៊ុន ៤៥% ដែលគ្រប់គ្រងដោយកូរ៉េ។ ផ្សារមូលបត្រកម្ពុជាដែលគ្រប់គ្នាហៅថាផ.ម.ក គឺជាផ្សារហ៊ុន ដែលបង្កើតឡើងដើម្បីផ្តល់នូវប្រព័ន្ធសម្រាប់ធ្វើការជួញដូរមូលបត្រ។វាគឺជាឱកាសសម្រាប់អ្នកក្នុងការចូលរួមក្នុងការវិនិយោគ ហើយអ្នកក៏អាចរកប្រាក់ចំណេញបានច្រើនជាងការរសន្សំប្រាក់នៅក្នុងធនាគារផងដែរ។

ដោយ៖ ឧត្ដម

Related Articles