We TV Cambodia

តោះមកដឹងពីប្រវត្តិលោក Jack Ma មហាសេដ្ធីកំពូលក្នុងចំណោម១០រូបនៅលើពិភពលោក​

តោះមកដឹងពីប្រវត្តិលោក Jack Ma មហាសេដ្ធីកំពូលក្នុងចំណោម១០រូបនៅលើពិភពលោក​

បើយោងតាមការចេញផ្សាយរបស់ Forbes ​ លោក Jack Ma ជាបុគ្គលដែលមានបំផុតនៅក្នុងប្រទេសចិន ជាមួយនឹងទ្រព្យសម្បត្តិរហូតដល់ ៣៨.៥ពាន់លានដុល្លារអាមេរិក ។ Jack Ma គឺលោកមានឈ្មោះពិតថា Ma Yun កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៤ នៅឯ Hangzhou ដែលជាតំបន់ក្រីក្រមួយក្នុងប្រទេសចិន។ គាត់មានបងប្រុស និងប្អូនស្រីពៅ និងធំធាត់ឡើង ចំពេលដែលចិនកុម្មុយនិស្តកាន់តែឯកោឆ្ងាយពីលោកខាងលិច ដូច្នេះហើយគ្រួសាររបស់គាត់គឺគ្មានប្រាក់នោះទេ។ លោក Ma កាលនៅរៀន គឺមិនត្រូវគ្នាជាមួយមិត្តប៉ុន្មានទេ ដោយគាត់តែងតែមានការឈ្លោះគ្នា អាចឈានដល់ការវាយតប់ទៀតផង។ កាលពីនៅតូចគាត់ចូលចិត្តដើររក/ជល់ចង្រិតខ្លាំងណាស់ ហើយគាត់អាចដឹងពីទំហំ និងប្រភេទ ដោយគ្រាន់តែបានស្ដាបសំឡេង។ រឿងដែលគាត់អាចចេះភាសាអង់គ្លេស គឺដោយសារកាលពីឆ្នាំ១៩៧២ ប្រធានាធិបតីអាមេរិក Richard Nixon បានទៅប្រទេសចិន ហើយបានប្រែក្លាយស្រុក Hangzhou ដែលជាស្រុកកំណើតរបស់គាត់ប្រែជាគោលដៅទេសចរណ៍ ដែលធ្វើឱ្យគាត់អាចចាប់ផ្ដើមការងារជាអ្នកនាំផ្លូវ ដើម្បីដូរយកលុយមករៀនភាសាអង់គ្លេស ហើយឈ្មោះថា​ «Jack» គឺជាឈ្មោះក្រៅដែលមិត្តជាបរទេសដាក់ឱ្យគាត់។ បន្ទាប់ពីបានរៀនចប់ថ្នាក់វិទ្យាល័យ គាត់ក៏បន្ដចូលមហាវិទ្យាល័យ និងបានប្រឡងធ្លាក់ ២ដង ប៉ុន្តែព្យាយាមជាលើកទី៣ បានសម្រេច។

គាត់បញ្ចប់ថ្នាក់មហាវិទ្យាល័យនៅឆ្នាំ១៩៨៨ ពីវិទ្យាស្ថានគ្រូបង្រៀនហង់ចូវ និងបានស្វែងរកការងារភ្លាមៗយ៉ាងច្រើនតាមដែលអាចទៅរួច។ គាត់ត្រូវបានកន្លែងការងារបដិសេធរាប់សិបដង បូករួមទាំងមានម្ដងគាត់ទៅដាក់ពាក្យនៅ KFC ហើយចុងក្រោយទើបដាក់ពាក្យជាប់ជាគ្រូបង្រៀន មុនពេលដែលគាត់បានចាប់ផ្ដើមក្រុមហ៊ុន Alibaba ។ គាត់ជាមនុស្សស្រឡាញ់ការងារ និងមានភាពស្និតស្នាលជាមួយសិស្ស ប៉ុន្តែគាត់រកបានតែមួយខែ ១២ដុល្លារអាមេរិក ប៉ុណ្ណោះពេលនោះ។ គាត់ក៏ធ្លាប់បង្ហើបដែរថា គាត់ត្រូវបានមហាវិទ្យាល័យ Harvard បដិសេធគាត់រហូតដល់ ១០ដង។

លោក Jack Ma គ្មានបទពិសោធជាមួយកុំព្យូទ័រ ឬសរសេរកូដទេ ប៉ុន្តែគាត់បានចាប់អារម្មណ៍នឹងអ៊ីនធឺណិត នៅពេលដែលគាត់ទៅអាមេរិក កាលពីឆ្នាំ១៩៩៥។ ក្រោយមកគាត់ក៏បានចាប់ផ្ដើមជំនួញជាអ្នកបកប្រែ និងបានទៅកាន់ប្រទេសចិន ដើម្បីជួយបញ្ហាលុយកាក់ឱ្យក្រុមហ៊ុនមួយ។ ពាក្យដំបូងដែលគាត់ចុចស្វែងរកក្នុងបណ្ដាញអ៊ីនធឺណិតគឺ «Beer» ប៉ុន្តែគាត់ស្រឡាំងកាំង ដោយសារគ្មានឃើញស្រាបៀររបស់ចិនចេញមកនោះទេ។ ពេលនោះហើយទើបគាត់សម្រេចចង់បង្កើតក្រុមហ៊ុនអ៊ីនធឺណិតសម្រាប់ចិន ប៉ុន្តែបរាជ័យ ២ដង ក្នុងជំហានដំបូង។

ក្រោយមកលោក Jack Ma បានហៅមិត្តរបស់គាត់ទាំង ១៧នាក់ មកពិភាក្សាគ្នានៅក្នុងផ្ទះជួលមួយកន្លែង និងបានព្យាយាមបញ្ចុះបញ្ចូលពួកគេឱ្យចូលរួមជាមួយគាត់ក្នុងទីផ្សារលើអ៊ីនធឺណិត ដែលគាត់ឱ្យឈ្មោះថា «Alibaba» នេះ។ ទីផ្សាររបស់គាត់បានទាក់ទាញមនុស្សពីជុំវិញពិភពលោក រហូតដល់ ឆ្នាំ១៩៩៩ ក្រុមហ៊ុនរៃអង្គាសបាន ៥លានដុល្លារ ពី Goldman Sachs និង ២០លានដុល្លារ ពី SoftBank ។ លោក Jack Ma និយាយថា ពួកគាត់ត្រូវតែធ្វើវាឱ្យបាន ព្រោះគាត់នៅក្មេង ហើយមិនបោះបង់នោះទេ។​ ដើមឆ្នាំ២០០០ ក្រុមហ៊ុនក៏បានចាប់ផ្ដើម Taobao ដែលជាគូប្រជែងរបស់ eBay ។ ឆ្នាំ២០១៥ Yahoo បានវិនិយោគលើ Alibaba ជាមួយនឹងទឹកប្រាក់ ១ពាន់លានដុល្លារ ដូរជាមួយនឹងភាគហ៊ុនរហូតដល់ ៤០% ។ វាជាចំនួនលុយដ៏ច្រើន ហើយចំពេលដែលក្រុមហ៊ុនកំពុងប្រជែងនឹង eBay នៅក្នុងប្រទេសចិន ធ្វើឱ្យ IPO របស់ Alibaba កើនដល់ ១០ពាន់លានដុល្លារ។ ភាពជោគជ័យរបស់ Alibaba ក៏ជាភាពជោគជ័យរបស់ Yahoo ម្ចាស់វិនិយោគផងដែនៅឆ្នាំ២០១៤ លោក Jack Ma ធ្លាប់ប្រាប់ Bloomberg ថា មានម្ដងនោះគាត់បានទៅញ៉ាំអាហារនៅភោជនីយដ្ឋានមួយ ហើយមានភ្ញៀវម្នាក់ទៀតចេញលុយឱ្យគាត់ និងសរសេរសំបុត្រមួយទុកឱ្យគាត់ថា៖ «ខ្ញុំជាអតិថិជនរបស់ Alibaba, ខ្ញុំមានលុយច្រើន ហើយខ្ញុំដឹងថាលោកមិនសូវរកលុយបានច្រើននោះទេ ដូច្នេះខ្ញុំចេញលុយឱ្យលោក»។ Alibaba បានចេញជាជាសាធារណៈនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ និងទទួលបាន IPO តម្លៃ ១៥០ពាន់លានដុល្លារអាមេរិក ជាតម្លៃផ្តល់ជូនធំបំផុតក្នុងប្រវត្តិសាស្រ្តនៃ New York Stock Exchange ដែលធ្វើឱ្យលោកក្លាយជាបុគ្គលមានបំផុតនៅក្នុងប្រទេសចិន។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles