We TV Cambodia

តើអ្នកនឹងចាកចេញពីភាពភ័យខ្លាច ហើយធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវនៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច?

តើអ្នកនឹងចាកចេញពីភាពភ័យខ្លាច ហើយធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវនៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច?
ប្រភពរូបភាព៖ google

ដោយ៖ ស្រីពេជ្រ

ការពិតទៅ មនុស្សជោគជ័យទាំងអស់អាចសំរេចគោលដៅរបស់ពួកគេបាន ពីព្រោះពួកគេមានគុណសម្បត្តិពីរ។ ពិតណាស់ វានៅមានកត្តាជាច្រើនដែលជួយជម្រុញអ្នកទៅដល់គោលដៅ តែអ្វីដែលយើងលើកយកមកនិយាយនៅពេលនេះ គឺជាលក្ខណៈសម្បត្តិខាងក្នុងដែលអ្នកគួរស្វែងយល់បន្ថែម។ ការផ្លាស់ប្ដូរចិត្តគំនិត និងអត្តចរិតគឺជារឿងសំខាន់ ព្រោះបើអ្នកនៅតែភ័យខ្លាច អ្នកនៅតែ​មិនហ៊ានសម្រេចចិត្តក្នុងការធ្វើអ្វីមួយ នោះអ្នកមុជមិនជ្រៅទៅមិនឆ្ងាយឡើយ។ បើយើងក្រឡេកមើលទម្លាប់ជោគជ័យរបស់មនុស្សមួយចំនួន យើងដឹងថាទម្លាប់របស់ពួកគេផ្លាស់ប្តូរតាមពេលវេលា ប៉ុន្តែសមត្ថភាពពីរខាងក្រោមនេះជួយឱ្យពួកគេដើរទៅកន្លែងផ្សេងៗក្នុងជីវិតដែលគេត្រូវការ។

 

១)ចេញពីភាពភ័យខ្លាច

អ្នកនឹងគ្មានថ្ងៃទៅមុខបានទេ បើអ្នកមិនអាចយកឈ្នះភាពភ័យខ្លាច ទាំងក្នុងនិងក្រៅខ្លួនអ្នកបាន។ ការភ័យខ្លាចគឺជាមេរោគ ដែលរារាំងការរីកចម្រើនរបស់អ្នកនៅក្នុងជីវិត។ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ ហើយអ្នកនៅតែខ្វល់និងសម្លេងមួយដែលប្រាប់អ្នកថា «អ្នកមិនអាចធ្វើបានទេ » នោះអ្នកនឹងមិនអាចឈានជើងចេញទៅណាបានក្រៅពីនៅស្ដាប់សម្លេងដ៏គួរឱ្យធុញនោះទេ។

ស្រដៀងគ្នានេះដែរ អ្នកគួរតែបង្កើតការគិតបែបវិជ្ជមាន ប្ដូរពីការគិតដែលថាអ្នកមិនអាចធ្វើបាន ទៅជា« អ្នកអាចធ្វើបាន» អ្នកត្រូវជឿថា គ្មានអ្វីដែលអាចរារាំងអ្នកបានទេ ដរាបណាអ្នកនៅមានការតាំងចិត្ត អ្នកមិនចុះចាញ់។

បើក្រឡេកមើលជីវិតរបស់មនុស្សជោគជ័យដូចជា Warren Buffett, Bill Gates, Jack Ma, Steve Jobs យើងឃើញថាពួកគេមិនខ្លាចនឹងទទួលលទ្ធផលអាក្រក់ ផលវិបាក រឿងបរាជ័យអ្វីទេ ព្រោះពួកគេជឿជាក់នូវអ្វីដែលគេធ្វើ ហើយជឿថាសុបិនរបស់ពួកគេនឹងជោគជ័យដោយជំនះភាពភ័យខ្លាចទាំងនោះ។

ក្នុងនាមអ្នកជាយុវវ័យ គួរណាស់តែក្លាហាន ហើយក្រោកឈរតបតនឹរភាពភ័យខ្លាចដោយមានស្មារតីរឹងមាំ ទោះបីអ្នកនៅមានបទពិសោធន៍ក្មេងខ្ចីក្ដី។ ប្រសិនបើអ្នកបានបណ្តុះបណ្តាលគំនិតរបស់អ្នកឱ្យទទួលយកបញ្ហាប្រឈម​ និងព្យាយាមបំពេញភារកិច្ចនោះ រាងកាយរបស់អ្នកនឹងដើរតាមការដឹកនាំរបស់ចិត្តអ្នកជាមិនខាន។

២)ធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ

ការសម្រេចចិត្តបានត្រឹមត្រូវ តាមពេលវេលា​និង ទីកន្លែងត្រឹមត្រូវគឺជារឿងសំខាន់ណាស់ប៉ុន្តែអ្នកអាចធ្វើការសម្រេចចិត្តបានល្អ លុះត្រាអ្នកមានសមត្ថភាពសម្រេចចិត្ត។

ការសម្រេចចិត្តបានត្រឹមត្រូវ គឺជាលទ្ធផលនៃការសម្រេចចិត្តដែលអ្នកហ៊ានទទួលយករឿងមិនល្អមួយចំនួននៅក្នុងជីវិត និងរៀនពីបទពិសោធន៍ទាំងនោះ។ ប្រសិនបើអ្នកមានសមត្ថភាពក្នុងការជ្រើសរើស អ្នកគួរជ្រើសរើសយកនិងសំរេចចិត្តដោយស្ថិតនៅក្នុងជំហរក្នុងការគិតវែងឆ្ងាយ និងភាពជឿជាក់បំផុត។

ជំនាញក្នុងការសម្រេចចិត្ត គឺប្រហែលជាជំនាញសំខាន់បំផុត ប្រសិនបើអ្នកចង់ទទួលបានជោគជ័យក្នុងជីវិតផ្ទាល់ខ្លួន និង អាជីព។ លោក Warren Buffett មានភាពល្បីល្បាញដោយសារធ្វើការវិនិយោគនៅក្នុងភាគហ៊ុននៅពេលដែលគាត់គិតថាវាស្របតាមពេលវេលាត្រឹមត្រូវ។ ការសម្រេចចិត្តខុសពេលវេលា នឹងមិនផ្តល់លទ្ធផលល្អទេ ដូច្នេះការកំណត់ពេលវេលាគឺសំខាន់ណាស់។ សមត្ថភាពទាំងនេះភ្ជាប់មកជាមួយការអនុវត្ត មិនថាតិចឬច្រើន។ ពេលខ្លះអ្នកធ្វើការសម្រេចចិត្តមិនទាន់ត្រូវទេ ហើយអ្នកក៏មិនពេញចិត្តវាប៉ុន្មានដែរ ប៉ុន្តែអ្នកត្រូវតែយល់វាជាដំណើរការរៀន រៀនហើយរៀនទៀត រៀនទាល់តែអ្នកលែងយល់ខុស។

 

ជាក់ស្ដែង លោក ជែក ម៉ា ត្រូវបានគេច្រានចោលពីការងារ និង ឱកាសជាច្រើននៅដើមដំបូងនៃជីវិតរបស់គាត់ ប៉ុន្តែទាំងនោះ មិនបានបញ្ឈប់គាត់ពីការសម្រេចចិត្តទេ។ គាត់បានសំរេចចិត្តបង្កើតក្រុមហ៊ុនអ៊ីនធឺណេត ហើយសព្វថ្ងៃគាត់ គឺជាជំនួញដែលមានជាងគេបំផុតនៅក្នុងប្រទេសចិនដោយសារតែការសម្រេចចិត្តមួយដែលបានផ្លាស់ប្តូរជីវិតរបស់គាត់។

 

ដូចគ្នាដែរ លោក ប៊ីល ហ្គេតស៍ សម្រេចចិត្តឈប់រៀននៅថ្នាក់មហាវិទ្យាល័យ ដើម្បីបង្កើតកម្មវិធីកុំព្យូរទ័រ ហើយពេលនេះគាត់ជាបុគ្គលដែលមានជាងគេបំផុតនៅលើពិភពលោក ដោយសារតែការសម្រចចិត្តមួយដ៏ត្រឹមត្រូវរបស់គាត់។

ជារួមមក ការជំនះនូវភាពភ័យខ្លាចក្នុងជីវិត ឬការធ្វើអ្វីមួយដោយការសម្រេចចិត្តមួយដ៏ត្រឹមត្រូវនឹងដឹកនាំអ្នកទៅរកភាពជោគជ័យមួយដែលអ្នកមិននឹកស្មាន។ សូមកុំបញ្ចប់សុបិនអ្នកត្រឹមគំនូសព័ណ៌ក្រហម ទៅមុខបន្តិច ទ្រាំបន្តិចនោះអ្នកនឹងទៅដល់គោលដៅហើយ៕​

Related Articles