
ដោយ៖ ហួ ឆេងស៊ីម
បើតាមក្បួនហុងស៊ុយ មានកន្លែងចំនួន៣នៅក្នុងគេហដ្ឋាន ដែលជាចំណុចទាក់ទាញលាភសំណាងបានល្អបំផុត ដូចនេះបើចង់ឲ្យមានរាសីក្នុងផ្ទះល្អ ត្រូវរក្សាអនាម័យកន្លែងទាំងនេះឲ្យបានស្អាត។
១. ច្រកចូលផ្ទះ
នេះគឺជាកន្លែងដែលផ្សារភ្ជាប់បន្ទប់ទទួលភ្ញៀវ និងគេហដ្ឋានទាំងមូល ដូចនេះលាភភាគច្រើនក៏មកពីទីនេះដូចគ្នា។ នៅក្នុងកែវភ្នែកអ្នកណាក៏ដោយ ក៏ច្រកចូលផ្ទះសំខាន់ជាងគេដែរ។ ដូចនេះហើយ ដើម្បីឲ្យលាភសំណាងមិនកកស្ទះ អ្នកត្រូវរៀបចំផ្លូវចូលផ្ទះឲ្យបានរៀបរយ មិនមានគំនរសំរាម ឬក្លិនស្អុយរលួយឡើយ។
២. ផ្ទះបាយ
តាមក្បួនហុងស៊ុយ ផ្ទះបាយគឺប្រៀបដូចជាឃ្លាំងផ្ទុកស្បៀងមួយ និងជាកន្លែងកាន់កាប់ទ្រព្យដ៏សំខាន់បំផុតនៅក្នុងគ្រួសារ។ ចាស់បុរាណជឿជាក់ថា ស្បៀងអាហារគឺដូចទៅនឹងលុយកាក់ដែរ។ ប្រសិនបើផ្ទះបាយមិនរក្សាអនាម័យបានល្អនោះទេ លាភរបស់ម្ចាស់គេហដ្ឋាននឹងស្រកស្រុតតាមនោះដែរ ដូចនេះមិនគួរទុកឲ្យទីនេះជាប់ស្នាមប្រលាក់ដែលសល់ពីការចំអិនអាហារឡើយ។
៣. បន្ទប់ទឹក
បន្ទប់ទឹកគឺជាកន្លែងរក្សាធាតុត្រជាក់នៅក្នុងផ្ទះ បើកន្លែងនេះមិនរក្សាបានល្អនោះទេ នោះផ្ទះសម្បែងនឹងត្រូវក្ដៅក្រហាយ។ ទីនេះក៏ជាកន្លែងស្រូបថាមពលមិនល្អចេញពីផ្ទះដែរ ដូចនេះគួររៀបចំឲ្យទូលាយ និងមានអនាម័យល្អដើម្បីឲ្យទីនេះមានចរន្តដើរបានប្រសើរ៕
