We TV Cambodia

តើហេតុអ្វីបានជាអ៊ីតាលី ក្លាយជាប្រទេសរងគ្រោះ ពីកូវីដ១៩ ធ្ងន់ធ្ងរជាងគេ?

តើហេតុអ្វីបានជាអ៊ីតាលី ក្លាយជាប្រទេសរងគ្រោះ ពីកូវីដ១៩ ធ្ងន់ធ្ងរជាងគេ?

ដោយ៖ពេជ្រ

គ្រប់គ្នាកំពុងចោទជាសួរសំនួរថា តើហេតុអ្វីបានជាអ៊ីតាលី ក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺរាតត្បាតសកល COVID-19? ជាក់ស្ដែងក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងគិតត្រឹមពេញមួយថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ សប្តាហ៍មុននេះ ចំនួនមនុស្សស្លាប់មានរហូតដល់ទៅ ៦៥១នាក់ ដែលធ្វើឱ្យចំនួនមនុស្សស្លាប់សរុប នៅក្នុងប្រទេសអឺរ៉ុបមួយនេះកើនជិត ៥,៥០០នាក់ ច្រើនជាងចិនទៅទៀត។

ជាមួយគ្នានេះដែរ  ក្រុមអ្នកជំនាញមួយចំនួន បានបកស្រាយពីមូលហេតុទាំងនោះ ក្នុងនោះរួមមានចាប់ពីកត្តាអាយុ រហូតដល់បញ្ហាប្រព័ន្ធសុខាភិបាល ហើយកត្តាទាំងនេះអាចនឹងផ្ដល់មេរៀនដល់បណ្ដាប្រទេសដទៃ ក្នុងការចាត់វិធានការបង្ការកុំឱ្យជួបទុក្ខធ្ងន់ដូចជាអ៊ីតាលី។

 កតា្ដអាយុ

មូលហេតុចម្បងមួយ ដែលធ្វើឱ្យអ៊ីតាលីរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 គឺកត្ដាអាយុ។ អាយុមជ្ឈិមវ័យ ឬវ័យកណ្ដាលនៃប្រជាជនអ៉ីតាលីទាំង ៦០លាននាក់ គឺ ៤៥.៤% កាលពីឆ្នាំ២០១៩ ដែលនេះមានចំនួនច្រើនបំផុត ជាងបណ្ដាប្រទេសដទៃនៅអឺរ៉ុប។
បើតាមទិន្នន័យថ្មីមួយចេញផ្សាយកាលពីថ្ងៃសុក្រ អាយុនៃប្រជាជនអ៉ីតាលី ដែលស្លាប់ដោយសារ COVID-19 មានអត្រាជាមធ្យម ៧៨.៥ឆ្នាំ ហើយស្ទើរតែ ៩៩ភាគរយនៃអ្នកទាំងនេះ គឺជាអ្នកមានជំងឺប្រចាំកាយ និងមានសុខភាពទន់ខ្សោយស្រាប់។ ចំណែកឯ អត្រាមរណប្រមាណ នៅក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាថ្មីវិញ គឺមានរហូតដល់ទៅ ៨.៦ភាគរយឯណោះ។

បើតាម សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអកហ្វដ (University of Oxford) អ្នកស្រី ជែននីហ្វឺ ដូវ (Jennifer Dowd) បានឲ្យដឹងថា៖ «មនុស្សមានវ័យចំណាស់ អាចស្ថិតនៅក្នុងអត្រាស្លាប់ ដោយសារឆ្លង COVID-19 ដូច្នេះបណ្ដាប្រទេស ដែលមានប្រជាជនចាស់ភាគច្រើន គួរតែចាត់វិធានការបង្ការឱ្យបានខ្លាំងក្លាបំផុត»។

ប្រព័ន្ធសុខាភិបាល

ការឆ្លងនៅក្នុងតំបន់ភាគខាងជើង នៃប្រទេសអ៊ីតាលី បានកើនឡើងយ៉ាងគំហុក ក្រោយបុរសវ័យ ៧៨ឆ្នាំម្នាក់បានបាត់បង់ជីវិតដំបូងគេ ដោយសារ COVID-19 ក្នុងតំបន់ ឡុំបាឌី (Lombardy)។ ប្រឈមមុខនឹងស្ថានភាពអ្នកជំងឺដ៏ច្រើនលើសលប់ និងការខ្វះខាតបរិក្ខាពេទ្យដូចជា គ្រែ និងម៉ាសជាដើម ក្រុមគ្រូពេទ្យអ៊ីតាលី សម្រេចចិត្ត ធ្វើការជ្រើសរើសថា តើពួកគេគួរតែព្យាបាលអ្នកជំងឺណាមុន។ ប្រធានផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យ ប្រេសស៊ីយ៉ា (Brescia) លោក ផាវឡូ ទែរ៉ាកណូលី (Paolo Terragnoli) បានលើកឡើងដូច្នេះថា៖ «នៅកាលៈទេសៈខ្លះ អ្នកត្រូវតែថ្លឹងថ្លែងពីឱកាសជោគជ័យនៃស្ថានភាពអ្នកជំងឺ… យើងបានព្យាយាមប្រឹងប្រែង ដើម្បីសង្រ្គោះមនុស្សគ្រប់រូប តែជាមួយគ្នានេះដែរយើងក៏ត្រូវតែប្រឹងប្រែង ឱ្យខ្លាំងជាងនេះសម្រាប់អ្នកជំងឺ ដែលមានឱកាសច្រើនផងដែរ»។

ការត្រួតពិនិត្យ និងការធ្វើតេស្ដ

បណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងអ៊ីតាលី កំពុងដោះស្រាយបញ្ហាប្រឈម នៃការខ្វះខាតឧបករណ៍ធ្វើតេស្ដរក COVID-19។ដូចជាអ៊ីតាលី សព្វថ្ងៃធ្វើតេស្ដរកជំងឺឆ្លងនេះ ទៅលើអ្នកជំងឺដែលចេញរោគសញ្ញាតែប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ ម៉ៃឃាអែល មីណា (Michael Mina) មកពីសាកលវិទ្យាល័យ ហាវើដ (Harvard University) បាននិយាយថា ការធ្វើតេស្ដលើមនុស្ស ១០០,០០០នាក់ក្នុងមួយថ្ងៃអាចជាជម្រើសមួយដ៏ប្រសើរ សម្រាប់ប្រទេសដូចជាសហរដ្ឋអាមេរិក៕

ប្រភព៖ CNA

Related Articles