ដោយ៖ ហួ ឆេងស៊ីម
ការញុំាំផ្លែឈើ ពិតជាបានផ្តល់សារៈសំខាន់យ៉ាងច្រើនសម្រាប់សុខភាពរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមានជំងឺផ្សេងៗ អ្នកកមិនគួរបរិភោគផ្លែឈើបានតាមតែចិត្តរបស់អ្នកគ្រប់ពេលបានឡើយ។ ព្រោះការញុំាំផ្លែឈើក៏តម្រូវទៅតាមប្រភេទជំងឺ និងពេលវេលាបានដែរ។ បើអ្នកញុំាំផ្លែឈើខុសពេល នោះវានឹងបង្កផលប៉ះពាល់ជាច្រើនដល់សុខភាពរបស់លោកអ្នក។ ខាងក្រោមនេះគឺជាការណែនាំនៃការញុំាំផ្លែឈើមួយចំនួនដែលសមស្របជាមួយនឹងស្ថានភាពជំងឺរបស់លោកអ្នក៖
១. បើអ្នកមានជំងឺក្រពះ ឬមានដំបៅ៖ មិនគួរទទួលទានផ្លែឈើមុនញ៉ាំបាយ ឬញុំាពេលពោះទទេឡើយ ព្រោះវាបណ្ដាលឲ្យបញ្ហាក្រពះកាន់តែធ្ងន់ធ្ងរ។
២. សម្រាប់អ្នកកំពុងសម្រកទម្ងន់ ហើយចង់ហូបផ្លែឈើដើម្បីសម្រកបានលឿន៖ គួរទទួលទានមុនញ៉ាំបាយ។ វានឹងជួយឲ្យអ្នកហូបបាយមិនសូវច្រើនតែឆ្អែតលឿន ។ ករណីនេះសម្រាប់តែអ្នកដែលមានប្រព័ន្ធរំលាយអាហារល្អប៉ុណ្ណោះ។
៣. សម្រាប់អ្នកមានជំងឺរ៉ាំរៃដូចជា កង្វះជាតិដែក ជំងឺស្លេកស្លាំង៖ អាចទទួលទានផ្លែឈើមុន ឬក្រោយបាយ ៣០នាទី ដោយមិនមានបញ្ហាតែបានគុណប្រយោជន៍ច្រើនលើសលុបពីវីតាមីនផ្លែឈើ។ ពិសេស បើអ្នកញ៉ាំលើផ្លែឈើផ្ទុកវីតាមីន C ដូចជាត្របែក ប៉េងប៉ោះ និងផ្លែគីវី។
៤. សម្រាប់អ្នកឆាប់អាឡែហ្ស៊ី ក្អក ឬ ផ្ដាសាយ៖ គួរលៃលកហូបផ្លែឈើក្នុងពេលរសៀលឲ្យបានមុនម៉ោង២ និងមិនត្រូវញ៉ាំផ្លែឈើនៅពេលយប់ឡើយ។ វិធីនេះនឹងជួយឲ្យសារពាង្គកាយស្រូបវីតាមីនជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។
ដូច្នេះ អ្នកគួរតែដឹងពីប្រភេទជំងឺរបស់លោកអ្នកជាមុនសិន មុននឹងញុំាផ្លែឈើមុនឬក្រោយពេលបាយដើម្បីជៀសវាងការប៉ះពាល់សុខភាព និងមានសុខភាពកាន់តែល្អ៕
