We TV Cambodia

តើវ៉ាក់សាំងរបស់ប្រទេសណាខ្លះ កំពុងត្រូវបានគេយកទៅប្រើប្រាស់?

តើវ៉ាក់សាំងរបស់ប្រទេសណាខ្លះ កំពុងត្រូវបានគេយកទៅប្រើប្រាស់?

គិតមកទល់ពេលនេះមានវ៉ាក់សាំងមិនក្រោម ១០ទេ ដែលកំពុងស្ថិតក្នុងដំណាក់កាលទី៣ នៃការសាកល្បង ប៉ុន្តែមានតែវ៉ាក់សាំងមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានប្រកាសថាមានប្រសិទ្ធភាពខ្ពស់ និងកំពុងត្រូវបានប្រើប្រាស់ក្នុងបណ្ដាប្រទេសមួយចំនួន។ តើវ៉ាក់សាំងរបស់ប្រទេសណាខ្លះ ដែលកមពុងត្រូវបានគេយកមកប្រើប្រាស់?

១, វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech ៖ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយការសហការគ្នារវាងអាមេរិក និងអាអាឡឺម៉ង ហើយកន្លងមកក្រុមហ៊ុននេះបានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពរហូតដល់៩០% ឯណោះ។ មិនតែប៉ុណ្ណោះ វ៉ាក់សាំងនេះក៏ត្រូវបានអាមេរិក និងអង់គ្លេសសម្រេចប្រើប្រាស់សម្រាប់ចាក់ឲ្យប្រជាជនរបស់ខ្លួនផងដែរ។

២, វ៉ាក់សាំង Sputnik V របស់រុស្ស៊ី៖ វ៉ាក់សាំងនេះត្រូវបានរុស្ស៊ីអះអាងកាលពីខែសីហាថាមានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រឆាំងកូវីដ១៩ ហើយក៏បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងប្រទេសរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ ប្រទេស ៣ផ្សេងទៀតដូច វ៉េណេហ្ស៊ុយអេឡា, បេឡារុស និងប្រទេសតួកគីផងដែរ ក៏បានសម្រេចយកវ៉ាក់នេះទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លូនដែរ។

៣, វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna ៖ ក្រុមហ៊ុននេះក៏បានប្រកាសពីប្រសិទ្ធិភាពរបស់វ៉ាក់សាំងខ្លួនផងដែរ ដោយបានអះអាងថាមានប្រសិទ្ធិភាពរហូតដល់ ៩៥% ឯណោះ ហើយបច្ចុប្បន្នវ៉ាក់សាំងនេះក៏ត្រូវបានប្រទេសមួយចំនួនពិចារណាក្នុងការយកទៅប្រើប្រាស់ផងដែរ។

៤, វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ៖ វ៉ាក់សាំងនេះក៏ត្រូវបានប្រទេសចិនអះអាងថាមានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រឆាំងកូវីដ១៩ ផងដែរ ហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រទេសឥណ្ឌូណេស៊ីក៏បានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុននេះចំនួន ១,២លានដូសសម្រាប់ចាក់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។

សូមជម្រាបថា ត្បិតថាវ៉ាក់សាំងទាំងនេះត្រូវបានក្រុមហ៊ុនផលិតអះអាងថាមានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រឆាំងកូវីដ១៩ និងមានប្រទេសមួយចំនួនសម្រេចយកទៅប្រើប្រាស់ក៏ដោយ ប៉ុន្តែគិតមកទល់ពេលនេះអង្គការសុខភាពពិភពលោកមិនទាន់ប្រកាសដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងណាមួយជាផ្លូវការនៅឡើយនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles