ដោយសារតែមានការរីករាលនៃវីរុសកូវីដ-១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើនដែលនៅជុំវិញពិភពលោកមានការប៉ះពាល់ជាខ្លាំង។ ក្នុងនោះផងដែរ ប្រទេសកម្ពុជាក៏បានទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដនេះផងដែរ។ លោកអ្នកប្រហែលជាឆ្ងល់ហើយគិតហើយថា តើចូលមកដល់ឆ្នាំ ២០២១ វិស័យអចលនទ្រព្យនឹងប្រែប្រួលយ៉ាងណា? ថយចុះ ឬក៏កើនឡើង? នេះបើតាមទស្សនៈផ្ទាល់របស់លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment បានប្រាប់ឱ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២១ នេះនឹងមានការកើនឡើង។
ហើយមូលហេតុនៃការកើនឡើងនោះ គឺដោយសារតែកាលពីឆ្នាំ២០២០ មានការរាតត្បាតជាសកលពីជំងឺវីរុសកូវីដ-១៩ សឹងតែ១ឆ្នាំពេញ ចាប់ពីខែ២ មកដល់ខែ១២ រហូតមកដល់ឥឡូវ វិស័យមួយចំនួនមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនោះគឺទាក់ទងនឹងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដោយវាធ្វើឱ្យវិស័យមួយចំនួនមានការប៉ះពាលទៅតាមនោះផងដែរ ដូចជា វិស័យអចលនទ្រព្យនេះជាដើម ដែលធ្វើឱ្យអ្នកវិនិយោគមួយចំនួនបានដកខ្លួន វិលត្រឡប់ទៅប្រទេសកំណើតវិញ ដោយមិនអាចមកបន្តការវិនិយោគ ឬបណ្តាក់ទុនបាន។
ប៉ុន្តែចូលមកដល់ឆ្នាំ២០២១ នេះវិញ ស្ថានភាពនៃជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលច្រើនហើយ ដោយសារតែនៅតាមបណ្តាប្រទេសផ្សេងៗអាចគ្រប់គ្រងស្ថានការណ៍បាន និងនៅតាមបណ្តាប្រទេសមួយចំនួនអាចផលិតវ៉ាក់សាំងដើម្បីការពារបានថែមទៀតនោះ ធ្វើឱ្យការរាតត្បាតនៃជំងឺកូវីដ-១៩ នេះមានការថយចុះច្រើន។
អត្ថបទដោយ៖ ពិសី