តាមស្ថានភាពជាក់ស្ដែង ដូចអ្វីដែលប្រិយមិត្ដបានដឹងច្បាស់ហើយ អំពីសេដ្ឋកិច្ចទីផ្សារ ទំនិញ និងសេវាកម្ម ដែលកំពុងតែទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរាតត្បាតមេរោគ កូវីដ១៩ ក្នុងនោះបូករួមទាំងវិស័យអចលនៈទ្រព្យបែបលំនៅដ្ឋានផងដែរ មិនថាតែប្រទេសកម្ពុជា តែមួយនោះទេ ពោលទូទាំងពិភពលោក ដែលទទួលរងផលប៉ះពាល់។
ដំណើរការទីផ្សារ អចលនៈទ្រព្យ ក្នុងកំលុងពេល ដើមឆ្នាំ ២០២០នេះ ដូចជាមិនសូវមានការធ្លាក់ចុះនោះទេ ជាពិសេសសម្រាប់ ទីផ្សារបុរីលំនៅដ្ឋាន បើទោះបីជា តម្រូវការអតិថិជន មានការថយចុះក៏ដោយក្ដី។ ប៉ុន្ដែយ៉ាងណាក៏ដោយ នៅមានក្រុមហ៊ុន អចលនទ្រព្យគម្រោងខ្លះ មានការបញ្ចុះតម្លៃ អាចចាប់ពី ៥% ទៅ ១០% ទៅតាមតំបន់នីមួយៗ។ ដូច្នេះសម្រាប់អ្នកមាន ប្រាក់ក្នុងដៃ ហើយមានក្ដីស្រម៉ៃ ចង់បានផ្ទះផ្ទាល់ខ្លួន ឬក៏ដីធ្លាធ្លី ក៏អាចពិចារណាឆ្លៀត ឱកាសក្នុងកំលុងពេលនេះ។
លោកស្រី តាំង ហ៊ួរ ជានាយិកាក្រុមហ៊ុន Amaktak Property Service ធ្លាប់បានប្រាប់ទៅកាន់ភ្នាក់ងារ ព័ត៌មានក្នុងស្រុកថា បច្ចុប្បន្ននេះស្ថានភាព មេរោគ កូវីដ១៩ មានភាពប្រសើរក៏ពិតមែន ប៉ុន្តែវិស័យអចលនទ្រព្យមិនទាន់វិលរកសភាពនៅឡើយទេ ដូចនេះមានគម្រោងជាច្រើនដែលកំពុងធ្វើការបញ្ចុះតម្លៃទាបជាងទីផ្សារច្រើន។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួលផងដែរ ដោយសារក្រុមហ៊ុនយល់ចិត្តអតិថិជនដោយសម្រាលនូវការប្រាក់ និងរយៈពេលបង់ប្រាក់ផងដែរ។
អ្នកស្រីក៏បានរំលឹកដែរថា ទីផ្សារលំនៅដ្ឋាន មិនថាស្ថិតក្នុងតំបន់ណានោះទេ ទោះជាយក្រុង ឬក្នុងក្រុង ក៏សឹងតែជាឱកាសសម្រាប់អ្នកទាំងអស់គ្នាដែរ សំខាន់ឲ្យតែគម្រោងនោះ ស្ថិតក្នុងស្ថានភាពច្បាស់លាស់ ក្រុមហ៊ុនមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ ហើយគម្រោងលក់ក្នុងតម្លៃទាបទីផ្សារ។
ដោយ៖ Stince