ដោយ៖ ហួ ឆឹងស៊ីម
ជាទូទៅ នៅពេលធ្វើការនឿយហត់ អស់កម្លាំង អ្នកតែងតែញុំាំរបស់ដែលមានជាតិផ្អែមដើម្បីបន្ថែមថាមពលមកវិញ ប៉ុន្តែមិនមែនជាជាតិផ្អែមដេលបានមកពីរបស់ធម្មជាតិនោះទេ។ ចំពោះមនុស្សមួយចំនួនទៀត ទោះបីជាមិនបានធ្វើការឲ្យអស់កម្លាំងក៏ដោយក៏គេញុំាំរបស់ផ្អែមដែរ។ ប៉ុន្តែការបរិភោគជាតិផ្អែមច្រើនពេកគឺមិនល្អសម្រាប់សុខភាព និងរាងកាយនោះទេ។ នៅពេលដែលយើងមានបញ្ហាលើសជាតិស្ករ រាងកាយរបស់យើងផ្តល់នូវសញ្ញាទុកជាមុន ជៀសវាងការឈានដល់បញ្ហាធ្ងន់ធ្ងរ។ សញ្ញាទាំងនោះនឹងជួយរំលឹកឲ្យអ្នកដឹងថា អ្នកគួរតែបន្ថយការបរិភោគផ្អែម ដែលសញ្ញាទាំងនោះរួមមាន៖
១. ឈឺសាច់ដុំ និង សន្លាក់
ជាតិស្ករលើសកម្រិតនៅក្នុងរាងកាយធ្វើឱ្យ ឆ្អឹង សន្លាក់ និងសាច់ដុំ ចុះអន់ខ្សោយ។ លើសពីនេះទៀត វាក៏អាចបង្កឱ្យកើតជម្ងឺរលាកសន្លាក់ ភ្នែកឡើងបាយ ជម្ងឺបេះដូង ការចងចាំអន់ខ្សោយ និង ធើ្វឱ្យស្បែកជ្រីវជ្រួញទៀតផង។
២. ចេះតែឃ្លានរបស់ផ្អែមជាប្រចាំ
កាលណាអ្នកបរិភោគជាតិផ្អែមច្រើន រាងការរបស់អ្នកនឹងចាប់ផ្តើមសុំាជាមួយកម្រិតជាតិស្ករនោះ ហើយវានឹងធ្វើឱ្យអ្នកចេះតែកើនឡើងនូវចំណង់ជាតិផ្អែម រហូតដល់លើសកម្រិត។ ដុច្នេះ នៅពេលអ្នកឃ្លានអាហារផ្អែម ចូរអ្នកព្យាយាមជំនួសដោយការបរិភោគផ្លែឈើវិញ ទើបល្អសម្រាប់សុខភាព។
៣. ធ្វើឱ្យអ្នក ម្តងមានកម្លាំង ម្តងអស់កម្លាំង
ថ្វីត្បិតតែជាតិគ្លុយកូសនៅក្នុងស្ករជួយធ្វើឱ្យអ្នកមានកម្លាំងក៏ពិតមែន តែកាលណាលើសកម្រិត វានឹងធ្វើឱ្យថាមពលរបស់អ្នក ម្តងខ្លាំង ម្តងខ្សោយមិនទៀងទាត់ ឬ អាចនិយាយថា នៅពេលរាងកាយអ្នកបំលែងជាតិស្ករអស់ វានឹងធ្វើឱ្យអ្នកអស់កម្លាំង ហើយបែរជាហត់នឿយក្នុងមួយរំពេច។
៤. ចាប់ផ្តើមឡើងមុន
នៅពេលរាងកាយទទួលជាតិស្ករច្រើនហួស វានឹងបង្កជាកន្តួលនៅលើស្បែកដែលជាពិសេស គឺមុន។ ដូចនេះ សាកល្បងផ្លាស់ប្តូរនូវរបបអាហាររបស់អ្នក នៅពេលជួបបញ្ហាស្បែក។
៥. ឡើងទម្ងន់ជាលំដាប់
ច្បាស់ណាស់ ការញុំាផ្អែមច្រើនធ្វើឱ្យអ្នកឡើងទម្ងន់ជាលំដាប់ ពីព្រោះជាតិស្ករលើសកម្រិត ធ្វើឱ្យកើនឡើងការផលិត អ៊ីនសូលីន ដែលវាទៅប្រមូលផ្តុំនូវជាតិខ្លាញ់ដែលលើសទៅបរិវេណពោះ ធ្វើឲ្យដុះក្បាលពោះជាដើម។
៦. ធ្មេញងាយពុកផុយ
នរណាក៏ដឹងដែរថាការបរិភោគស្ករងាយធ្វើឱ្យធ្មេញពុក ឬដង្កូវស៊ី បើអ្នកមិនដុសសម្អាតវាឱ្យបានស្អាតល្អ។
៧. រាងកាយសុំាជាមួយកម្រិតស្ករខ្ពស់
បើអ្នកទម្លាប់ញុំាជាតិស្ករច្រើន រាងកាយរបស់អ្នកនឹងមិនមានប្រតិកម្មជាមួយកម្រិតស្ករដដែលនោះទេ ដូចនេះវានឹងធ្វើឱ្យអ្នកញុំាកាន់តែផ្អែមជាងមុនទៀត។ យ៉ាងណាអ្នកក៏ត្រូវចេះគ្រប់គ្រងការញុំារបស់អ្នកដែរ កុំបណ្តោយឱ្យខ្លួនឯងញុំាកាន់តែផ្អែមទៅៗ។
៨. ឧស្សាហ៍គ្រុនផ្តាសាយ
គ្លុយកូសមិនអាចធ្វើឱ្យប្រព័ន្ធភាពសុំារបស់អ្នកប្រឆាំងនឹងវីរុសផ្សេងៗដោយមានប្រសិទ្ធភាពនោះទេ។ ដូចនេះ អ្នកគួរជំនួសជាតិស្ករដោយការញុំា បន្លែ ផ្លែឈើ ដែលជាជាតិស្ករធម្មជាតិវិញ។
៩. ហើមពោះ ឬ ទល់ខ្យល់ជាញឹកញាប់
អាហារដែលសម្បូរជាតិស្ករ អាចបណ្តាលឲ្យទល់ខ្យល់នៅក្នុងពោះ ពីព្រោះជាតិស្ករដែលមិនបានបំលែងឱ្យម៉ត់ល្អនៅក្នុងពោះវៀនតូច វាទៅជាកម្ទេចតូចៗដែលធ្លាក់ទៅក្នុងពោះវៀនធំ រួមជាមួយនឹងខ្យល់ដែលអាចស្ទះនៅក្នុងពោះវៀនផងដែរ៕
