We TV Cambodia

តើភាពសាមញ្ញនៃជីវិតគឺជាអ្វី?

តើភាពសាមញ្ញនៃជីវិតគឺជាអ្វី?

សម្រួលអត្ថបទ៖រដ្ឋ ស្រីពេជ្រ

តាមរយៈលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងពីសាមញ្ញភាពនៃជីវិត ថាលោកពិតជាបានដឹងពីតម្លៃលុយ គឺតាមរយៈបទពិសោធផ្ទាល់ខ្លួនលោក នៅគ្រាដែលលោកបានឆ្លងកាត់ជីវភាពដ៏ក្រីក្រ លំបាក ខ្វះខាត និងអត់ឃ្លានកន្លងមក។ បើអាច ពេលមានស៊ីមានផឹកសូមគិតឱ្យឆ្ងាយ មានស៊ីមានចាយកុំភ្លេចទុកដាក់។

បន្ថែមពីនេះ លោកមានប្រសាសន៍ថា អ្នកធ្លាប់ឭទេ មានមួយគ្រា ក្រមួយជីវិត បើចាយមិនគិត! ព្រោះថាបើអ្នកចង់មានជីវភាពធូរធារ លុះត្រាតែអ្នក ចេះសន្សំសំចៃ លម្អិត មិនខ្ជះខ្ជាយ ហ្មត់ចត់ និងត្រូវចេះត្រួតពិនិត្យពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចំណាយទៅលើអ្វីមួយ។ តែបើអាច សូមកុំពាក់ព័ន្ធក្នុងរឿងអបាយមុខ កុំកេងប្រវ័ញ្ចអ្នកដទៃ ហើយក៏គប្បីកុំឱ្យអ្នកដទៃកេងប្រវ័ញ្ចយើងបានដែរ ពោលសូមយើងម្នាក់ៗកុំមានចិត្តវៀចវេរទាំងចំពោះខ្លួនឯង និងអ្នកដទៃ។ ជីវិតយើងមានឡើងមានចុះ។ ពេលឡើងកុំមើលលើ ហើយពេលចុះ កុំមើលក្រោម។ ត្រូវមើលលើមើលក្រោម ហើយថ្លឹងថ្លែងឱ្យបានល្អ។ លោកក៏ជឿថា គ្មាននរណាម្នាក់ចង់រួមរស់នៅក្នុងផ្ទះងងឹតទេ ព្រោះគេក៏មិនចង់ទៅផ្ទះដែលប្រើភ្លើងងងឹតដែរ។ គេចង់ទៅនៅផ្ទះដែលប្រើភ្លើងភ្លឺ។

សូមចាំថា របស់ពិត រមែងនាំមកនូវប្រយោជន៍ដ៏ច្រើន ច្រើនជាងរបស់ក្លែងបន្លំភ្នែក។ មនុស្សយើងម្នាក់ៗតែងតែមានមហិច្ឆតាខ្ពស់ ចង់បានអ្វីៗដែលនៅជុំវិញខ្លួន។ ពេលខ្លះឃើញគេមានបាន ក៏ចង់បានដូចគេដែរ។ ប៉ុន្តែអ្វីដែលសំខាន់សួរថា តើយើងគួរចាប់ផ្តើមពីកន្លែងណា? មិត្តភាពពិតប្រាកដ គឺហាក់ដូចទៅនឹងក្តីស្រឡាញ់។ ចំណែកឯក្តីស្រឡាញ់ពិតប្រាកដ គឺដូចទៅនឹងជីវិតដូច្នោះដែរ។ ជីវិតពិត ទោះបីជាយ៉ាងណាក្តី គឺគ្រាន់តែជាកម្រងរឿងរ៉ាវគ្រប់រសជាតិទាំងផ្អែមល្ហែម និងល្វីងជូរចត់នៅក្នុងមួយឆាកជីវិតរស់នៅតែប៉ុណ្ណោះ។ ថ្ងៃណាមួយវានឹងបាត់បង់ ឬត្រូវបានគេបំភ្លេចចោលទៅវិញជាក់ជាមិនខាន។ ដូច្នេះ សូមផ្តល់ក្តីស្រឡាញ់ និងរស់នៅទាន់អ្នកនៅអាចធ្វើបាន ព្រោះទាំងក្តីស្រឡាញ់ដ៏បរិសុទ្ធ និងដួងចិត្តដ៏ស្មោះត្រង់ រកបានដោយកម្រណាស់។ ជីវិតដែលកាន់តែខ្ពស់ឡើងៗ កាន់តែអណ្ដែតទៅៗ ក៏កាន់តែឯកោឡើងៗដែរ បើយើងមិនចេះដាក់ខ្លួនចុះមកទាប។ ជីវិតយើង គឺមិនអចិន្រ្តៃយ៍ឡើយ ហើយយើងគ្រប់គ្នាក៏មិនមែនអមតៈដែរ។ មានពេលខ្លះ លុយអាចរកបាន តែបេះដូងរកបានដោយកម្រណាស់។

ដូច្នេះ ពេលខ្នាញ់ទុកក្នុងចិត្ត ពេលអាណិតត្រូវសង្គ្រោះ ពេលមានយស កុំភ្លេចប្រភព។ អ្នកដឹងទេថា ភាពសាមញ្ញ គឺជាប្រាកដភាពនៃជីវិតដែលមានការយកចិត្តទុកដាក់ និងការឈឺឆ្អាល។

ប្រភព និងរូបភាព៖ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

 

 

Related Articles