We TV Cambodia

តើពាក្យ«ជូនពរ»ឬ «ជូនបុណ្យ» មានន័យ ខុសពី «បួងសួង» យ៉ាងដូចម្ដេច?

តើពាក្យ«ជូនពរ»ឬ «ជូនបុណ្យ» មានន័យ ខុសពី «បួងសួង» យ៉ាងដូចម្ដេច?

ភ្នំពេញ៖ បច្ចុប្បន្ន ជនជាតិខ្មែរភាគច្រើនលើសលប់ នៅទូទាំងពិភពលោក កំពុងភាន់ច្រលំនឹងទំនៀមទម្លាប់ខ្លះ ពាក់ព័ន្ធការនិយាយស្ដី រួមទាំងភាសាសរសេរ។ ប្រហែលជាគេ បកប្រែខុសចេញពីភាសាអង់គ្លេស ដែលពួកបញ្ចិមលោក និយាយថា I wish you។ តាមពិត ពាក្យថា I wish you មិនមែនបកប្រែថា សូមជូនពរអ្នកទេ។ ការពិតនៃពាក្យនេះ គឺបកថា “ខ្ញុំបួងសួងសូមឲ្យអ្នក… ឬ ខ្ញុំសង្ឃឹមថាអ្នក…) ទើបត្រឹមត្រូវ។

បើតាម អ្នកគ្រូ លឹម វីរីយ៉ា បានឱ្យដឹងថា៖ ជូនពរ” ឬ “ជូនបុណ្យ” មានន័យ ខុសពី “បួងសួង”។ តាមពិតទៅអ្នកដែលអាចប្រទានពរ ឬ ប្រទានបុណ្យ ទៅកាន់អ្នកដទៃបាន លុះត្រា អ្នកនោះ ជាចាស់ទុំម្ចាស់ស្រុកភូមិ ជាគ្រូបង្រៀនរបស់សិស្សជាច្រើន  ជាអ្នកមានសីលដ៏ខ្ពង់ខ្ពស់ ជាអ្នកកាន់សីលដ៏ខ្ជាប់ខ្ជួន ជាអ្នកបួសដែលមានវិន័យតឹងរឹង ជាឳពុកម្ដាយនៃកូនៗប្រកបដោយព្រហ្មវិហាធម៌  ជាមេដឹកនាំប្រកបដោយទសពិធរាជធម៌ ដែលអាចនិយាយជារួម ថាជា អ្នកដែលមានគុណូបការៈផ្សេងៗសម្រាប់មនុស្សលោក ក្នុងភពផែនដីនេះ។

Silhouette of human hand with open palm praying to god at sunset background

មនុស្សដែលរៀបរាប់ខាងលើនេះហើយ ដែលជាអ្នកមានឫទ្ធិបារមី មានអំណាចកម្លាំងបុណ្យក្នុងខ្លួន សម្រាប់ចែកជូនអ្នកដទៃ។ ពួកគាត់ទាំងអស់នេះហើយ ដែលអាច ពោលពាក្យថា “ខ្ញុំសូមជូនពរអ្នក” ឬ “ខ្ញុំសូមជូនបុណ្យអ្នក” ជាដើម។ ម្ដាយឳពុក ឬជីដូនជីតា ដែលមកពីវត្ត ពោរពេញដោយកម្លាំងសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង គាត់ចង់ផ្សាយមេត្តាដល់មនុស្សផ្សេងទៀតបានទទួលកុសលផលបុណ្យ ដែលចេញមកពីការព្រមលះបង់របស់ពួកគាត់ ម្ល៉ោះហើយ ទើបគាត់ប្រកូកប្រកាស ស្រែកហៅក្មេងៗដែល ជាកូនជាចៅ ជាញាតិភូមិផង របងជាមួយ ដើម្បីរំលែកកម្លាំងបុណ្យនេះ។  សម្រាប់អ្នកយល់ គេក៏នឹង ស្រែកអនុមោទនា សាធុ ជាដើមផង ដើម្បីទទួលយកកម្លាំងមេត្តាធម៌ ឬ ភាសាចិត្តវិទ្យា គេហៅថា កម្លាំងចិត្ត ឬ កម្លាំងជំរុញចិត្ត (inspiring)។

Praying Hands

ពេលខ្លះ ក្នុងឱកាសពិសេសៗ ដូចជាបុណ្យទាន ផ្សេងៗ ម្ដាយឳពុក អាចនិយាយថា “ប៉ាម៉ាក់សូមជូនពរកូន” ចំណែកកូនៗ ដែលស្ថិតក្រោមម្លប់បុណ្យបារមីរបស់ម៉ែឳខ្លួនឯង ត្រូវនិយាយថា “កូនក៏សូមបួងសួងសូមឲ្យបារមីនៃវត្ថុសក្ដិសិទ្ធិក្នុងលោកនេះ ឬ សូមព្រះជាម្ចាស់ប្រទានពរជ័យដល់ប៉ាម៉ាក់វិញ សូមឲ្យលោកទាំង២សុខភាពល្អ……។ល។” កូនៗ មិនអាចនិយាយថា “កូនសូមជូនពរប៉ាម៉ាក់” ជាដាច់ខាត។ ជាកូន មិនទាន់មានកម្លាំងបុណ្យបារមីអ្វី សម្រាប់ជូនទៅគាត់វិញទេ មានតែយើងជំពាក់គុណបុណ្យគាត់វិញផង។ កន្លែងនេះ សូមជ្រាបឲ្យច្បាស់ ហើយឈប់យល់ច្រលំតទៅទៀត។

បើយើងជាអ្នកតូចទាប គ្មានបុណ្យបារមី គ្មានអំណាចតេជៈអ្វី យើងអាចចូលរួមបួងសួង ស្នើសូមទៅវត្ថុសក្ដិសិទ្ធិតាមរយៈលិខិតដែលចារដោយផ្លូវចិត្ត ផ្ញើទៅព្រះព្រហ្ម ព្រះឥន្ទ្រ ឲ្យបង្កើតជាព្រហ្មលិខិតថ្មីមួយ សម្រាប់ដឹកនាំឆាកជីវិតមនុស្សដែលយើងគោរពស្រឡាញ់បានដល់សេចក្ដីដែលយើងប៉ងប្រាថ្នា គឺក្ដីសុខ។

អ្នកគ្រូក៏បានបញ្ជាក់ទៀតថា ក្នុងបរិបទនេះ ពេលខ្លះមនុស្សវ័យក្មេង អាយុនៅតិច ប៉ុន្តែ បើគេជាអ្នកមានសតិបញ្ញាដ៏ខ្ពង់ខ្ពស់ មានកម្លាំងចិត្តផ្លូវធម៌ដ៏មុតស្រួច គេអាចផ្សាយមេត្តាដល់ពិភពលោកបានដូចគ្នា តាមរយៈ សមាធិ វិបស្សនា។ ងាយយល់ គឺការបួងសួងយ៉ាងស្ងៀមស្ងាត់ក្នុងចិត្ត និង តម្កល់សេចក្ដីតាំងចិត្តនោះ ប្រកបដោយសភាពស្ងប់ សន្តិ។

បន្ថែមពីនេះ បើយើងចង់ចែកលុយកាក់ ទ្រព្យសម្បត្តិឲ្យអ្នកដទៃ វាលុះត្រាតែយើង ជាអ្នកហូរហៀរដោយទ្រព្យជាមុនសិន។ បើយើងចង់ចែកបុណ្យដល់អ្នកដទៃ ក៏វាលុះត្រាតែយើងជាអ្នកមានបុណ្យជាមុនសិនដែរ។ ដូច្នេះ អ្នកមានបុណ្យ ឬ គ្មានបុណ្យ គ្មាននរណាមើលឃើញ ក្រៅពីយើងខ្លួនឯងជាម្ចាស់រូប ម្ចាស់ព្រលឹងនេះទេ។ បើអ្នកនៅផឹកស្រា នៅលេងបៀរ នៅផិតក្បត់គ្នា នៅកេងប្រវញ្ចគ្នា​ នៅប្រព្រឹត្តពុករលួយជាប្រព័ន្ធ នៅច្រណែនឈ្នានីសគ្នា កាច់កុងគ្នា នៅតែងខ្លួនបង្អួតម៉ូដសម្លៀកបំពាក់​ គ្រឿងអល័ង្កា ពេជ្រអ្នកណាធំជាងពេជ្រអ្នកណា  រវាងគ្នានិងគ្នា នៅដណ្ដើមក្បាលកន្ទេលគ្នាពេលទៅវត្ត នៅហែហៃ ជាមួយយាយតាក្នុងវត្តអារឿងបាយម្ហូបសម្លរ អាណារល្អជាងអាណារ…។ល។ មានន័យថា អ្នកមិនទាន់មានបុណ្យទេ! កុំចេះតែដើរប្រកូកស្រែកថាចែកបុណ្យឲ្យគេ ប្រយ័ត្នវាទៅជាបាបវិញ។ បាបយ៉ាងម៉េច? វាដូចអ្នកគ្មានបាយក្នុងឆ្នាំង ហើយស្រែកហៅគេមកឆីបាយ! លុះគេចូលមកឆីមែនទែន ស្រាប់តែលួចជេរគេក្នុងពោះថា “អញហៅលេងៗសោះ វាចូលមកស៊ីមែន!”៕

ប្រភព៖ លឹម វីរីយ៉ា

Related Articles