
កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសឈប់ផ្ដល់ហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក (WHO) ក្រោយពីមានការរិះគន់លោក Tedros Adhanom ដែលជាប្រធានអង្គការនេះ ថាមានភាពលំអៀងទៅរកចិន។
ក្រោយពីការប្រកាសរបស់លោកត្រាំ ប្រទេសមួយចំនួន ជាពិសេសចិនបានធ្វើការរិះគន់អាមេរិក និងបានស្នើឲ្យប្រទេសនេះបន្តការផ្ដល់ហិរញ្ញវត្ថុបន្តទៀតដល់ WHO ។ មិនតែប៉ុណ្ណោះ លោក Bill gate ដែលជាមហាសេដ្ឋីពិភពក៏បានលើកឡើងដែរថា ការសម្រេចចិត្ត្របស់លោក Donald Trump នេះនឹងធ្វើឲ្យប៉ះពាល់ដល់ដល់ដំណើរការរបស់ WHO និងពិភពលោកទាំងមូលលើផ្នែកសុខមាលភាព។ តើស្ថាប័នមួយនេះទទួលបានថិវកាផ្គត់ផ្គង់តាមរយៈអ្វីខ្លះ? ហើយអាមេរិករួមចំណែកប៉ុណ្ណាក្នុងការផ្គត់ផ្គង់ស្ថាប័នមួយនេះ?

សូមបញ្ជាក់ផងដែរថា WHO ទទួលបានថវិកាផ្គត់ផ្គង់ពីប្រភពជាច្រើនដូចជា៖ ពីអង្គការសហប្រជាជាតិ (UN), រដ្ឋជាសមាជិក, សប្បុរសជន, និងអង្គការអន្តរជាតិដទៃទៀត។ ចំពោះរដ្ឋជាសមាជិកការផ្ដល់ថិវិកាទៅអង្គការនេះបែងចែកជា២ គឺ៖
ក, «ថវិកាជាប់កាតព្វកិច្ច» ដែលត្រូវបង់ជារៀងរាល់ឆ្នាំ ហើយទំហំថវិកាដែលបង់ត្រូវគណនាតាមទំហំសេដ្ឋកិច្ច និងចំនួនប្រជាជននៃប្រទេសនីមួយៗ។
ខ, «ថវិកាដែលផ្ដល់ដោយការស្ម័គចិត្ត» គឺជាការផ្ដល់ថវិកាបន្ថែមដល់ WHO ដោយស្ម័គចិត្តពីរដ្ឋជាសមាជិក និងពីដៃគូរបស់ WHO។ ហើយក្នុងចន្លោះឆ្នាំ២០១៨-២០១៩ អាមេរិកជាប្រទេសដែលបរិច្ចាគច្រើនជាងគេដល់អង្គការនេះ។ ខាងក្រោមនេះជាប្រទេសទាំង៥ ដែលផ្តល់ថវិកាច្រើនជាងគេដល់ WHO ក្នុងចន្លោះឆ្នាំ២០១៨-២០១៩៖

១៖ សហរដ្ឋអាមេរិក ផ្តល់ថវិកាសរុប ៨៩៣លានដុល្លារ ក្នុងនោះ ២៣៧លានដុល្លារជាកាតព្វកិច្ច និង ៦៥៦លានដុល្លារជាការស្ម័គ្រចិត្ត។
២៖ ចក្រភពអង់គ្លេស ផ្តល់ថវិកាសរុប ៤៣៤,៨លានដុល្លារ ក្នុងនោះ ៤២,៧លានដុល្លារជាកាតព្វកិច្ច និង ៣៩២លានដុល្លារជាការស្ម័គ្រចិត្ត។
៣៖ អាល្លឺម៉ង់ ផ្តល់ថវិកាសរុប ២៩២លានដុល្លារ ក្នុងនោះ៦១,៧លានដុល្លារជាកាតព្វកិច្ច និង ២៣១លានដុល្លារជាការស្ម័គ្រចិត្ត។
៤៖ ជប៉ុន ផ្តល់ថវិកាសរុប ២១៤,២លានដុល្លារ ក្នុងនោះ ៩២,៦លានដុល្លារជាកាតព្វកិច្ច និង ១២១,៦លានដុល្លារជាការស្ម័គ្រចិត្ត។
៥៖ កាណាដា ផ្តល់ថវិកាសរុប១០០,៥លានដុល្លារ ក្នុងនោះ ២៧,៩លានដុល្លារជាកកាតព្វកិច្ច និង ៧២,៥លានដុល្លារជាការស្ម័គ្រចិត្ត។
អត្ថបទដោយ៖ Nevin
