We TV Cambodia

តើជម្ងឺ«រើម»អាចមានបញ្ហាដល់ជីវិតដែរឬទេ?

តើជម្ងឺ«រើម»អាចមានបញ្ហាដល់ជីវិតដែរឬទេ?

រើម ជាជំងឺម្យ៉ាងបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ ដំបូងវាបង្កជាជំងឺអុតស្វាយ ក្រោយពេលជាសះពីជំងឺអុតស្វាយវីរុសនេះមិនងាប់ទេ វានៅសង្ងំក្នុងប្រព័ន្ធទឹករងៃ នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ (ប្រព័ន្ធភាពស៊ាំ) វីរុសនេះនឹងរើឡើងបង្កជាជំងឺរើម។ អ្នកជំងឺមានអាការៈរាងអស់កំលាំង ក្តៅខ្លួនស្ទិញៗ ស្រគៀរក្រហាយៗនៅលើស្បែកដែលវាប្រុងនឹងលេចចេញ។

បន្ទាប់មកទើបវាចេញជាពងទឹកមានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ វាអាចចេញគ្រប់ទីកន្លែង នៅលើទ្រូង លើមុខ នៅដៃ។ល។ ប៉ុន្តែវាចេញតែម្ខាង មិនដែលចេញទាំងសងខាងឬព័ទ្ធជុំទេ។ ក្រោយចេញសញ្ញាលើស្បែកពី ៧ ទៅ ១០ថ្ងៃ ពងទឹកទាំងនោះក៍សះជាអស់ បន្សល់តែស្នាមសំលាកលើស្បែក និងការឈឺចាប់ក្រហាយលើស្បែកកន្លែងចេញ។ រោគសញ្ញាឈឺចាប់និងក្រហាយលើស្បែកនេះអាចតិចឬខ្លាំង អ្នកខ្លះឆាប់បាត់ អ្នកខ្លះយូរអាចដល់ឆ្នាំ ទៅតាមសុខភាពបុគ្គលផ្សេងៗគ្នា។

ក,វិធីព្យាបាល៖
អ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងត្រូវប្រើឱសថប្រភេទលាប និងលេបរយៈពេល ៧ ទៅ ១០ថ្ងៃ ទៅតាមវេជ្ជបញ្ជាវេជ្ជសាស្ត្រ។
បញ្ជាក់៖ សូមជម្រាបបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ជំងឺរើមអាចព្យាបាលជាដាច់មិនបណ្តាលអោយមានគ្រោះថ្នាក់ឡើយ។

ខ,វិធីការពារ៖
វិធីមួយចំនួនដែលយើងអាចជៀសផុតពីជំងឺរើមៈ
– ចំពោះអ្នកមិនទាន់កើតអុតស្វាយត្រូវចាក់ថ្នាំការពារជំងឺអុតស្វាយ។
– ចំពោះអ្នកកើតអុតស្វាយរួចហើយត្រូវចាក់ថ្នាំការពារជំងឺរើម។

«សូមលោកអ្នកធ្វើអនាម័យខ្លួនប្រាណ និងការពារពីជំងឺអុតស្វាយនិងរើម ហើយប្រសិនបើមានករណីធ្ងន់ធ្ងរណាមួយនៃជំងឺនេះ សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញសើរស្បែកនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការប្រឹក្សា និងព្យាបាលឲ្យបានត្រឹមត្រូវ។»

ប្រែសម្រួលដោយ៖ ពិសី

 

 

Related Articles