We TV Cambodia

តើគួរអានសៀវភៅពេលណា ដែលសាកសមបំផុតសម្រាប់អ្នក?

តើគួរអានសៀវភៅពេលណា ដែលសាកសមបំផុតសម្រាប់អ្នក?

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ជាទូទៅ ការអានសៀវភៅគឹជាទម្លាប់មួយដែលមនុស្សគ្រប់វ័យតែងតែមាន មិនថាពួកគេចំណាយពេលអានតិច​ឬច្រើននោះទេ ហោចណាស់ក៏អ្នកខ្លះអាចឆ្លៀតពេលអានបាន១០ ទៅ ២០នាទីក្នុងមួយថ្ងៃ ឬក៏ច្រើនជាងនេះទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងនោះ។ ដូច្នេះ តើគួរអានសៀវភៅនៅពេលណា ដែលជាពេលសាកសមបំផុតនោះ?

បើតាមការលើកឡើងរបស់ គេហទំព័រក្រៅស្រុកមួយបានឱ្យដឹងថា ការអានសៀវភៅ មិនសំខាន់ថានៅពេលណានោះទេ ពោលគឺអាស្រ័យទៅតាមចំណង់ចំណូលចិត្ត និងអាស្រ័យលើពេលទំនេរ ដែលមនុស្សគ្រប់គ្នាមាន តែយ៉ាងណាមិញ  គឺមានពេលចំនួនបីសំខាន់ៗ ដែលសាកសមសម្រាប់ការអានសៀវភៅ៖

១)បន្ទាប់ពីភាពហត់នឿយ
ជាការពិតណាស់បន្ទាប់ពីការនឿយហត់អស់រយៈពេលជាយូរមកហើយនៅកន្លែងធ្វើការឬសាលារៀន វាចាំបាច់ក្នុងការធ្វើឱ្យចិត្តនិងរាងកាយអ្នកស្រស់ថ្លាហើយវិធីដ៏ល្អមួយដើម្បីធ្វើឱ្យមានភាពប្រសើរឡើង នោះគឺការចំណាយពេលអានសៀវភៅ។

២)ពេលធ្វើដំណើរ
នៅពេលធ្វើដំណើរ អ្នកប្រាកដជាមានពេលទំនេរ នៅលើរថយន្ត ឬនៅលើរថភ្លើង ដូច្នេះ វាជាការប្រពៃប្រសិនបើអ្នកចំណាយពេលអានសៀវភៅបណ្ដើរ ធ្វើដំណើរបណ្ដើរ  ព្រោះនេះមិនមែនគ្រាន់តែជាឱកាសដ៏ល្អសម្រាប់ធ្វើដំណើរទេ តែវាក៏ជាពេលមួយដើម្បីក្រេបយកចំណេះវិជ្ជា សម្រាប់ជាចំណីខួរក្បាលផងដែរ។

៣)មុនពេលចូលគេង


មុនពេលអ្នកចូលគេង ដើម្បីគេងលក់ស្រួលអ្នកគួរចាប់កាន់សៀវភៅហើយអានវាបួន ទៅដប់ទំព័រ ដើម្បីបង្កើនការចងចាំ ក៏ដូចជាបង្កើនបញ្ញាស្មារតីមុនពេលចូលគេង។ តួយ៉ាង ការអានសៀវភៅក្នុងពេលរាត្រី គឺជាពេលវេលាមួយសម្រាប់អ្នកត្រូវការភាពស្ងប់ស្ងាត់ និងអាចផ្ចង់អារម្មណ៍បានមូលល្អជាងពេលថ្ងៃ។

ដូច្នេះ  ប្រសិនបើអ្នកកំពុងស្វែងរកពេលវេលាល្អបំផុតដើម្បីអានសៀវភៅ អ្នកគួរចាប់ផ្ដើមជ្រើសរើសពេលវេលាមួយដ៏សាកសម សម្រាប់អ្នក ព្រោះគ្រប់ពេលគឺសុទ្ធតែមានតម្លៃ សម្រាប់អ្នកប្រសិនជាអ្នកចំណាយពេលធ្វើរឿងដែលត្រឹមត្រូវ និងមានប្រយោជន៍សម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនឯង។

 

Related Articles