យោងតាមអនុសាសន៏របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យថា ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រៅពីការប៉ះពាល់វត្ថុប្រើប្រាស់ដែលអ្នកជំងឺកូវីដ-១៩ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកម៉ិញនេះ ខ្ញុំសុំឆ្លើយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលើការចម្លងតាមក្រដាសប្រាស់នោះ ខ្ញុំសូមជម្រាបជូនដូចតទៅ ៖
ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឫស្លេសទឹកមាត់ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឫអាល់កុល ឫទឹកជែលសម្រាប់លាងដៃ ភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែក ជាដេីម ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មក ក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបាន លាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ។ សង្ឃឹមថា វីដេអូ ៥ឃ្លីបដែលបានចេញផ្សាយព្រឹកម៉ិញនេះ នឹងបានជួយដល់ការចូលរួមរបស់បងប្អូនប្រជាលរដ្ឋ ក្នុងការអនុវត្តន៌វិធានការសុខាភិបាល ដូចបានម្រាបជូនរួចហើយនេះ បានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសបាននូវការចម្លងក្នុងសហគមន៌ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា នៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ។ អរគុណច្រើននូវរាល់ការចូលរួមទាំងអស់គ្នា។
ប្រភព៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
អត្ថបទដោយ៖ ពិសី
