We TV Cambodia

តើការមានទ្រព្យសម្បត្តិច្រើន និងចូលនិវត្តន៍វ័យក្មេងអាចធ្វើអោយមនុស្សមានសេចក្តីសុខឬ?

តើការមានទ្រព្យសម្បត្តិច្រើន និងចូលនិវត្តន៍វ័យក្មេងអាចធ្វើអោយមនុស្សមានសេចក្តីសុខឬ?

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមរយៈទស្សនៈរបស់អ្នកជំនាញផ្នែក សេដ្ឋកិច្ច បានឱ្យដឹងថា មនុស្សជាច្រើនតែងយល់ច្រឡំថា ការមានទ្រព្យសម្បត្តិច្រើននឹងនាំអោយខ្លួនគេមានសេចក្តីសុខ។ ផ្ទុយទៅវិញ វិនិយោគិន (Investor) ដែលជាមហាសេដ្ឋីអាមេរិក លោក Warren Buffett និងសាស្ត្រាចារ្យ ផ្នែកចិត្តវិទ្យា Elizabeth Dunn នៃសាកលវិទ្យាល័យ University of British Columbia បញ្ជាក់ថាការមានទ្រព្យសម្បត្តិច្រើនមិនធ្វើអោយមនុស្សមានសេចក្តីសុខនោះទេ។ មនុស្សមានសេចក្តីសុខនៅពេលគេប្រើធនធានដែលខ្លួនមានដើម្បីបំពេញកិច្ចការដែលខ្លួនចូលចិត្ត។

បន្ថែមលើនេះ មនុស្សជាច្រើនតែងប្រាថ្នាចង់បានសេរីភាពហិរញ្ញវត្ថុដើម្បីអាចចូលនិវត្តន៍ក្នុងវ័យក្មេង។ អ្នកជំនួញ និងជាអ្នកនយោបាយអាមេរិក លោក Kevin O’Lary បានលើកឡើងថាការចូលនិវត្តន៍ក្នុងវ័យក្មេងមិនអាចទៅរួចនោះទេបើទោះជាអ្នកមានទ្រព្យច្រើនក៏ដោយ។

តាមបទពិសោធន៍របស់លោកផ្ទាល់ កាលលោកអាយុ៣៦ឆ្នាំ លោកលក់ក្រុមហ៊ុនដែលលោកបង្កើតដំបូងបានប្រាក់រាប់រយលានដុល្លាអាមេរិក។ លោកឈប់ធ្វើការងារតែ៣ឆ្នាំធ្វើអោយលោកមានអារម្មណ៍អផ្សុក និងថប់អារម្មណ៍។ អញ្ចឹងហើយបានជាលោកងាកទៅបង្កើតអាជីវកម្ម និងធ្វើការងារដែលលោកចូលចិត្ត។ ជាសរុបលោកយល់ថា ការធ្វើការងារមិនមែនដើម្បីតែរកលុយមួយមុខនោះទេ វាគឺជាការរក្សាទំនាក់ទំនងក្នុងសង្គម ជាការជួយដល់សុខភាពខួរក្បាល និងធ្វើមានអាយុវែង។

មែនទែនទៅ ការខិតខំរកលុយដើម្បីមានលទ្ធភាពធ្វើកិច្ចការដែលអ្នកពេញចិត្តគឺជាគន្លឹះនៃសេចក្តីសុខរបស់មនុស្សម្នាក់ៗ។ សេចក្តីសុខរបស់មនុស្សមិនស្ថិតលើការមានទ្រព្យមហាសាលដេកចាយដោយមិនធ្វើកិច្ចការអ្វីនោះឡើយ៕

ប្រភព៖លោកង៉ែត ជូ

 

Related Articles