ដោយ៖ ហួ ឆេងស៊ីម
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចនាំឲ្យភ្នែកមានបញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺសរសៃឈាមបាតភ្នែក ទឹកដក់ក្នុងភ្នែក ឬភ្នែកឡើងបាយ។ បញ្ហាទាំងនេះសិទ្ធតែជាបញ្ហាធ្ងន់ធ្ងរសម្រាប់ភ្នែករបស់អ្នក ដូចនេះលោកអ្នកគួរតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពភ្នែករបស់លោកអ្នក។ ខាងក្រោមនេះជាការរៀបរាប់់បន្ថែមពីប្រភេទជំងឺនីមួយៗ៖
១- ស្រវាំងភ្នែក
អ្នកទឹកនោមផ្អែម ជាទូទៅ មានបញ្ហាស្រវាំងភ្នែក វាកើតដោយសារការហើមប្រស្រីភ្នែក ពេលជាតិស្ករក្នុងឈាមឡើងខ្ពស់។ ដំណោះស្រាយ គឺត្រូវគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ ហើយភ្នែកយើងនឹងមើលឃើញធម្មតាវិញ ក្នុងរយៈពេល ៣ ខែ។
២- ជំងឺទឹកដក់ក្នុងភ្នែក
វាកើតឡើងពេលសម្ពាធទឹកកើនឡើងនៅក្នុងភ្នែក ហើយទឹកនោះហូរចេញមកក្រៅមិនបាន ធ្វើឲ្យសរសៃឈាម និងសរសៃប្រសាទភ្នែកខូច អាចឈានទៅរកខ្វាក់ភ្នែក។
ជំងឺនេះ ឧស្សាហ៍កើតជាងគេ ហើយទម្រាំដឹងខ្លួនមានរោគសញ្ញា គឺចូលដល់ដំណាក់កាលធ្ងន់ទៅហើយ។ រោគសញ្ញាមាន ឈឺក្បាល ឈឺគ្រាប់ភ្នែក ស្រវាំងភ្នែក ចេញទឹកភ្នែកច្រើន។ អ្នកទឹកនោមផ្អែម ៤០% អាចវិវត្តទៅរកជំងឺនេះ ហើយពេទ្យអាចប្រើថ្នាំបញ្ចុះសម្ពាធភ្នែក និងឲ្យទឹកក្នុងភ្នែកឆាប់ហូរចេញ។
៣- ភ្នែកឡើងបាយ
យើងអាចមើលឃើញច្បាស់ ដោយសារកញ្ចក់ប្រស្រីភ្នែកថ្លា ប៉ុន្តែក្នុងករណីមានបាយភ្នែក កញ្ចក់នឹងឡើងល្អក់ ធ្វើឲ្យយើងមើលមិនច្បាស់។ ពេទ្យអាចព្យាបាលដោយវះកាត់ និងពាក់វ៉ែនតាជំនួយ។ អ្នកទឹកនោមផ្អែម ងាយកើតបាយភ្នែកខ្លាំងណាស់ រហូតដល់ ៦០% ឯណោះ។
៤- ជំងឺសរសៃឈាមបាតភ្នែក
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចធ្វើឲ្យសរសៃឈាមតូចៗក្នុងរេទីនភ្នែកខូចខាត ហើយនាំឲ្យមានជំងឺសរសៃឈាមបាតភ្នែក។ កើតទឹកនោមផ្អែមកាន់តែយូរ អាចកើតជំងឺនេះកាន់តែច្រើន។ ប៉ុន្តែអាចគេចផុតពីជំងឺនេះ ដោយគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អ ឈប់ជក់បារី និងហាត់ប្រាណទៀងទាត់។
បើមានចាស់ៗក្នុងផ្ទះ កើតជំងឺទឹកនោមផ្អែម យើងគួរយកចិត្តទុកដាក់បន្ថែម លើការតាមដានជាតិស្ករក្នុងខ្លួន ដើម្បីឲ្យដឹងពីការឡើងចុះ ព្រោះម៉ាក់ប៉ា អ៊ំៗ កើតជំងឺនេះភាគច្រើន មិនសូវខ្វល់រឿងពិនិត្យជាតិស្ករទេ។ កុំទុករហូតហួសពេល៕
ប្រភព៖ Helloគ្រូពេទ្
