We TV Cambodia

តុលាការក្រុងភ្នំពេញតម្រូវឲ្យក្រុមហ៊ុនផ្សារទំនើប Parkson បង់ប្រាក់ជាង ១៤៤លានដុល្លារទៅឲ្យក្រុមហ៊ុនម្ចាស់គម្រោង Hassan (Cambodia)

តុលាការក្រុងភ្នំពេញតម្រូវឲ្យក្រុមហ៊ុនផ្សារទំនើប Parkson បង់ប្រាក់ជាង ១៤៤លានដុល្លារទៅឲ្យក្រុមហ៊ុនម្ចាស់គម្រោង Hassan (Cambodia)
អគារផ្សារទំនើប Phnom Penh Mega Mall (ប្រភព៖ Google)

យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Star បានឲ្យដឹងថា ត្រូវបានតុលាការក្រុងភ្នំពេញបង្គាប់ឲ្យក្រុមហ៊ុន Parkson Cambodia ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Parkson Retail Asia Ltd ដែលបានចុះបញ្ចីផ្សារហ៊ុននៅសិង្ហបុរី ឲ្យបង់ប្រាក់រហូតដល់ ១៤៤លានដុល្លារទៅឲ្យក្រុមហ៊ុន Hassan (Cambodia) Development Co,.Ltd ក្រោយក្រុមហ៊ុន Parkson Cambodia នេះបានចាញ់ក្ដីនៅក្នុងជម្លោះកិច្ចសន្យាជួល។

បន្ថែមពីលើនេះដែរ ប្រាក់​កក់ និង​ការ​ទូទាត់​សង​ថ្លៃ​ជួល​មុន​ទាំងអស់ប្រមាណ ៤,៤៨លាន​ដុល្លារ​អា​មេ​រិ​ករបស់​ក្រុមហ៊ុន Parkson (Cambodia) Co .,Ltd ដែល​បាន​ផ្ដល់​​ទៅឲ្យ​ក្រុមហ៊ុន Hassan Cambodia ក៏​​ត្រូវ​ពិន័យ​ដកហូត​ទុក​ផង​ដែរ​។

លោក រ៉ូហ្វី អូស្មាន នាយកប្រតិបត្តិក្រុមហ៊ុន Hassan Cambodia Development Co., Ltd. (ប្រភព៖ ហ្វេសប៊ុក)

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​ខែតុលា​ឆ្នាំ​២០១៩ ក្រុមហ៊ុន Parkson Retail Asia បានប្រកាសថា ខ្លួន​បាន​ជូនដំណឹង​ទៅ​កាន់​ក្រុមហ៊ុន Hassan Cambodia ក្រោម​មជ្ឈមណ្ឌល​អាជ្ញាកណ្ដាល​អន្តរជាតិ​សិង្ហ​បុរី ជុំវិញ​នឹង​រឿង​ជួល​នេះ​រួចហើយ។

បច្ចុប្បន្នក្រុមហ៊ុន Parkson Cambodia កំពុង​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ពី​មេធាវី​កម្ពុជា ថា​តើ​ត្រូវ​ដាក់​ញត្តិ​ដើម្បី​ប្ដឹង​បន្ដ​ទៅ​ឧទ្ធរណ៍ ឬ​ក៏​អាច​មាន​ទម្រង់​បែបបទ​នៃ​ឆ្លើយ​តប​ផ្សេង​ទៀត​។ បន្ទាប់​ពី​មាន​បញ្ហាប្ដឹងផ្ដល់​នេះ​ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Parkson Holding Bhd បាន​ធ្លាក់​ចុះរហូត៨% ​កាលពី​ថ្ងៃទី​២៨ ខែមេសា​កន្លងទៅនេះ។

លោក រ៉ូហ្វី អូស្មាន ក្នុងពិធីបេីកសម្ពោធដាក់ឲ្យជួលជាផ្លូវការអគារ Phnom Penh Mega Mall (ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Parkson Cambodia មានគម្រោងនឹងបើកផ្សារ​ទំនើបដែលមានឈ្មោះថា Parkson និងបានចាប់ផ្ដើម​សាងសង់តាំងពី​ឆ្នាំ ​២០១២​មក​ម្ល៉េះ​ តែដោយសារមានបញ្ហា ទើបមកទល់ពេលនេះវានៅតែមិន​ទាន់​បាន​បើក​ដំណើរការ​នៅឡើយទេ។ ប៉ុន្តែបើតាមការអះអាងដោយ លោក រ៉ូហ្វី អូស្មាន នាយកប្រតិបត្តិក្រុមហ៊ុន Hassan Cambodia Development Co., Ltd. កាលពីពេលកន្លងទៅ បានឲ្យដឹងថា អគារដែលនៅតាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ីនេះ នឹង​ត្រូវ​ដាក់​ឈ្មោះ​ថា Phnom Penh Mega Mall វិញ ហើយ​គ្មាន​ឈ្មោះ​ផ្សារ Parkson នៅ​ទីនោះ​ទៀត​ទេ​។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles