We TV Cambodia

តារាភាពយន្ត កញ្ញា ហ៊ិន ច័ន្នីរ័ត្ន ទទួល​បាន​ពាន​រង្វាន់​ CEO ឆ្នើម​ប្រចាំ​ឆ្នាំ ២០១៩

តារាភាពយន្ត កញ្ញា ហ៊ិន ច័ន្នីរ័ត្ន ទទួល​បាន​ពាន​រង្វាន់​ CEO ឆ្នើម​ប្រចាំ​ឆ្នាំ ២០១៩

 

រូបថតៈ Facebook ក្រុមហ៊ុន U.ME Cosmetic

ដោយៈ ទិន សុខាវុធ

កញ្ញា ហ៊ិន ច័ន្នីរ័ត្ន ដែល​ជា​​តារាភាពយន្ត និង​ ពិធីការិនី​ដ៏​ស្រស់​ស្អាត ​និង​ដ៏​​ល្បីឈ្មោះ​​នៅ​ក្នុង​ពិភពសិល្ប​ខ្មែរ បានទទួលពាន​រង្វាន់​នាយិកាប្រតិបត្តិ (CEO) ឆ្នើម កាលពី​យប់​ថ្ងៃ​ទី​ ៨ វិច្ឆិកា ឆ្នាំ ២០១៩ នៅ​ឯ​ផ្សារ​ទំនើប AEON MALL Sen Sok City ។

ហេតុការណ៍​នេះ​​អាច​ធ្វើ​អោយ​ទស្សនិកជនទាំងឡាយ មាន​ការភ្ញាក់ផ្អើលជា​ខ្លាំង ព្រោះ​ក្រៅ​ពី​ជាតារា​ភាពយន្ត និង​ជា​ពិធី​ការិនី​ដ៏​ឆ្នើម​ម្នាក់ នាង​ក៏​ជា​នាយិកា​ក្រុមហ៊ុន​​លក់​គ្រឿង​សំអាង​ U.ME Cosmetic ​ដ៏​ឆ្នើម​ម្នាក់​ផងដែរ​។

ក្រោយ​ពី​ទទួល​បាន​ពាន​រង្វាន់​ជា​​នាយិកា​ប្រតិបត្តិ​ឆ្នើម​នេះ​រួច នៅ​ពេល​ព្រឹក​ថ្ងៃ​ទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ កញ្ញា ហ៊ុិន ច័ន្នីរ័ត្ន​ បាន​សរសេរ​នៅ​លើ​ទំព័រ​ Facebook នៃ​​ក្រុម​​ហ៊ុន​របស់​នាង​ថា​៖ «មិនអាចជោគជ័យតែម្នាក់ឯងបានទេបើគ្មានអ្នករាល់គ្នា នាងខ្ញុំនិងក្រុមហ៊ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក្នុងការគាំទ្រពីសំណាក់អ្នកប្រើប្រាស់និងតំណាងចែកចាយផលិតផល U Me […]» ​

ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ «ASEAN Successful CEO Award 2019» ត្រូវ​បានរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Luxury Smile Beauty Group ដោយ​រួម​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ជា​ច្រើនទៀត​។

ពាន​រង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​អោយ​ទៅ​កញ្ញា ហ៊ិន ច័ន្នីរ័ត្ន និង​សហគ្រិន​ឆ្នើម​​មួយ​ចំនួន​ទៀត ក្រោម​អធិតីភាព​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងអោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល។

សូ​ម​បញ្ជាក់​ថា កញ្ញា ហ៊ិន ច័ន្នីរ័ត្ន ជា​តារា​ភាព​យន្ត​ផ្នែកមនោសញ្ចេតនា​ដ៏​មាន​ប្រជាប្រិយ​ភាព​ម្នាក់ ដែល​ត្រូវ​បាន​ទស្សនិក​ជន​ជា​ច្រើន​កោត​សរសើរ​ពី​កាយ​​វិការ​សំដែង​របស់​នាង ដែលពោរពេញ​ទៅ​ដោយ​ភាព​ប្រលោម​និយម​ បង្កប់​ទៅ​ដោយ​​មនោសញ្ចេតនា​ដ៏ ​ផ្អែមល្ហែម និង​លង្លង់​លន្លោច។ ខ្សែ​ភាពយន្ត​ចុង​ក្រោយ​របស់​នាង​គឺ​រឿង «ទាសី​បេះដូង» ៕

Related Articles