បរិមាណសន្ទុះភ្ញៀវទេសចរណ៍ក្នុងប្រទេសកម្ពុជា គិតត្រឹមតែរយៈពេល ៣សប្ដាហ៍ក្នុងខែឧសភានេះ មានចំនួនដល់ទៅ ៤សែននាក់ ដែលទិន្នន័យនេះត្រូវបានបូកសរុបទាំងភ្ញៀវជាតិ និងអន្ដរជាតិ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍។ ប៉ុន្ដែយ៉ាងណាក៏ដោយ សម្រាប់សន្ទុះនេះ មិនអាចធ្វើឲ្យវិស័យទេសចរណ៍ ទាំងមូលអាចវិលត្រលប់បានដូចដើមនេះទេ។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថារយៈពេល៤សប្ដាហ៍ គិត ត្រឹមតែថ្ងៃទី២៤ ខែឧសភា កម្ពុជាមានភ្ញៀវទេសចរណ៍ក្នុងតំបន់ ចំនួន៣៩៨០៩៩ នាក់ និង ភ្ញៀវបរទេសមានចំនួន ៧១៧៧នាក់។
ប៉ុន្ដែសម្រាប់លោក ធួន ស៊ីណាន់ ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក បានលើកឡើងថា វិស័យទេចរណ៍កម្ពុជា នៅតែ ត្រូវពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរណ៍បរទេស។ លោកបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ក្នុងតំបន់ មិនមានភាព យូរអង្វែងនោះទេ សម្រាប់ស្ថាប័នវិស័យទេសចរណ៍ទាំងអស់ ព្រោះថា ប្រជាជនកម្ពុជា មិនសូវមានការចំណាយប្រាក់ច្រើននោះទេ ស្របទៅតាមស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ។
ជាក់ស្ដែងតំបន់ទេសចរណ៍ធំៗ ក្នុងប្រទេសកម្ពុជា មានដូចជា ឆ្នេរកែប កំពតក្រុងព្រះសីហនុ និងតំបន់កោះផ្សេងៗទៀត ដែលមានលំហូរភ្ញៀវទេសចរណ៍ទៅកម្សាន្ដច្រើន។ ចំណែកភ្ញៀវទេសចរណ៍ជាតិ ភាគច្រើនដែលគេចេញដើរកម្សាន្ដបានតែរយៈពេលខ្លី ហើយ ហើយពួកគាត់ទើបតែចេញដើរកម្សាន្ដ ដើម្បីកាត់បន្ថយភាពតានតឹងក្រោយពេល នៅផ្ទះយូរ។
អាជីវកម្មក្នុងវិស័យទេសចរណ៍អាចងើបឡើងវិញ ត្រឹមតែ ២០ ទៅ ៣០%ប៉ុណ្ណោះប្រសិនជាមេរោគ កូវីដ១៩នេះ ត្រូវបានបញ្ចប់ដើមឆ្នាំ២០២១ ហើយសម្រាប់បណ្ដាក្រុមហ៊ុនៗ អាចនឹងប្រើប្រាស់ពេលវេលាយូរបន្ដិច។ តែយ៉ាងណាក៏ដោយ កម្ពុជាត្រូវតែស្វែងរកវិធីសាស្ដ្រដើម្បីដោះស្រាយ ឲ្យបានឆាប់រហ័ស ដោយមិនអាចរង់ចាំដល់ ពេលបញ្ចប់មេរោគនោះទេ ដោយកម្ពុជាអាចត្រៀមខ្លួន សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដោយមិនផ្អែកលើភ្ញៀវទេសចរណ៍ពីខាង វេស្ទើន។
ដោយ៖ Stince