តម្លៃអចលនទ្រព្យក្នុងខេត្តព្រះសីហនុចាប់ផ្ដើមងើបឡើងវិញ ក្រោយជនជាតិចិន និងវិនិយោគចិនជាច្រើនបានត្រឡប់មកវិញ ដើម្បីពិនិត្យ និងរកមើការវិនិយោគសម្រាប់ការបញ្ចប់ទៅវិញនៃជំងឺកូវីដ១៩ នាពេលខាងមុខ។
ការត្រឡប់មកវិញនេះ ដោយសារតែកម្ពុជាបានទប់ស្កាត់មិនឲ្យមានការឆ្លងក្នុងសហគមន៍អស់រយៈពេលជាច្រើនខែមកហើយ ទោះបីជាមានការឆ្លងថ្មីជាបន្តបន្ទាប់ពិតមែន ប៉ុន្តែគឺសុទ្ធសឹងតែជាការឆ្លងដែលនាំចូលពីខាងក្រៅមកតែប៉ុណ្ណោះ។
អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើន បានបញ្ជាក់ថា តម្លៃអចលនទ្រព្យក្នុងខេត្តព្រសីហនុមានការកើនឡើង ប៉ុន្តែសន្ទុះនៃការងើបឡើងវិញនេះ នូវមានភាពតិចតួចនៅឡើយ បើធៀបជាមួយស្ថានភាពមុនវិបត្តិកូវីដ១៩ ដោយវិស័យអចលនទ្រព្យ និងសំណង់នាពេលនោះគឺមានសន្ទុះខ្លាំង ហើយអាជីវកម្មផ្សេងៗក៏មានដំណើរការល្អផងដែរ។
ទោះជាយ៉ាងណា ការងើបឡើងវិញបន្តិចបន្តួចនេះក៏ជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ហើយវាអាចនឹងល្អប្រសើរជាងនេះថែមទៀតនាពេលខាងមុខ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះកំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ជាពិសេសគឺកំណើនភ្ញៀវទេសចរណ៍ ដែលធ្វើឲ្យវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងហូបចុកកាន់តែមានតម្រូវការខ្លាំងថែមទៀត។
សូមជម្រាបផងដែរថា ក្នុងរយៈពេល ២ខែចុងក្រោយនេះ គឺខែឧសភា និងខែមិថុនា កម្ពុជាទទួលបានអ្នកដំណើរជាជនជាតិខ្មែរ និងបរទេសជាង ២ម៉ឺននាក់ ហើយភាគច្រើនជាជនជាតិដែលត្រឡប់មកខេត្តព្រះសីហនុ។
អត្ថបទដោយ៖ Nevin