យោងតាមការលើកឡើងរបស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម បានឲ្យដឹងថា ការនាំចេញផ្លែស្វាយទៅប្រទេសចិនបាន ប៉ុន្តែមានតែក្រុមហ៊ុន Hyundai Agro Co ប៉ុណ្ណ៉ោះដែលអាចដឹកជញ្ជូនទៅបាន ពីព្រោះក្រុមហ៊ុននេះមានបំពាក់ដោយម៉ាស៊ីនកម្តៅដោយប្រើចម្ហាយទឹក (VHT) និងម៉ាស៊ីនទឹកក្តៅ(HWT) ដើម្បីកម្ចាត់សត្វល្អិតពីផ្លែឈើ។ មកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាបំពាក់នូវម៉ាស៊ីនទាំងនេះទេ។
ចំណែកការនាំចេញផ្លែស្វាយវិញ អាចលក់បានក្នុងតម្លៃ ប្រហែល ១០០០ ទៅ ១ ៥០០ ដុល្លារសហរដ្ខអាមេរិកក្នុងមួយតោនផ្អែកទៅលើគុណភាព និងសភាពរបស់ផ្លែស្វាយដែលត្រូវបានសិក្សា។
លោកបានបន្ថែមថា៖ «បន្ទាប់ពីក្រុមបច្ចេកទេសអនាម័យរបស់ក្រសួង និងក្រុមបច្ចេកទេសផ្នែកកម្ចាត់មេរោគពីរុក្ខជាតិបានចុះទៅកសិដ្ឋានដាំស្វាយដើម្បីវាយតម្លៃពីស្តង់ដារ និងការដាំដុះផ្លែស្វាយ យើងឃើញថាមានតែក្រុមហ៊ុន Hyundai Agro ដែលអាចបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់ចិនហើយអាចនាំចេញបាននាពេលបច្ចុប្បន្ន។
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture បាននិយាយថា ដើម្បីនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិនយើងត្រូវគិតពីដី បច្ចេកទេសដាំដុះ ជី ការវេចខ្ចប់ និងការស្តុកទុករបស់យើង។ លោកបាននិយាយថា លោកមានដើមស្វាយ ៧០០ ហិចតាហើយប្រហែល ២០ ទៅ ៣០ ភាគរយក្នុងចំណោម ៧០០ ហិចតានោះគឺសម្រាប់នាំចេញទៅប្រទេសចិន។ ស្វាយដែលនៅសល់គាត់នឹងធ្វើជាដំណាប់ និងលក់ក្នុងស្រុកកីបានដែរ។លោក បន្ថែមថា មួយហិចតាអាចទទួលបានផលផ្លែស្វាយប្រហែល ១៥ ទៅ ២០ តោន។ ហើយលោក រំពឹងទុកថាក្នុងឆ្នាំ ២០២០-២០២១ លោកនឹងអាចនាំចេញផ្លែស្វាយប្រមាណ ២០ ទៅ ៣០ ភាគរយនៃដើមស្វាយលើដី ៧០០ ហិចតា។
ដោយ៖ Stince
