សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា(ស.ផ.ជ្រ)បានអះអាងថា ទីផ្សារនាំចូលចូលជ្រូករស់ពីបរទេស ចូលមកកម្ពុជា មានតម្លៃខ្ពស់ ខុសពីធម្មតា ខណៈដែលក្រុមហ៊ុនទទួលបានអាជ្ញាប័ណនាំចូលមានចំនួន៦ក្រុមហ៊ុន ដែលកំពុងតែដំណើរចរន្ដនៃការនាំចូលមួយនេះ ដែលភាគច្រើន ជ្រូកដែលត្រូវបាននាំចូលគឺ មកពីប្រទេសថៃ។
បើយោងទៅតាមការការបង្ហាញរបស់ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ទីផ្សារតម្លៃសាច់ជ្រូករស់បច្ចុប្បន្ន ក្នុងប្រទេសកម្ពុជា មានចំនួនប្រហែល ១១០០០៛ ទៅ ១២០០០៛/គ.ក។ ដោយឡែក ចំណែកខាងសមាគម ផ្គត់ផ្គង់ជ្រូកកម្ពុជា បានលើកឡើងថា តម្លៃទីផ្សារសាច់ជ្រូករស់ដែលត្រូវបាននាំចូល មានតម្លៃ១៤០០០៛/គ.ក ខណៈដែល តម្លៃចែកចាយរាយលើទីផ្សារគឺ ២៣០០០៛/គ.ក។
លោក សាន ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានថ្លែងក្នុង ពិធីសន្និសីទសារព័ត៌មាន កាលពីថ្ងៃច័ន្ទ ដោយមានការចូលរួមពីសំណាក់ អ្នកកាប់ជ្រូក និង អាជីវករសាច់ជ្រូកចំនួន១៥០នាក់ ថា ការឡើងថ្លៃទីផ្សារជ្រូកនេះបានជះឥទ្ធិពលយ៉ាងអាក្រក់ដល់ ប្រជាជន និង អ្នកលក់ក្នុងតំបន់។ លោកបានបន្ដទៀតថា ក្រោយពីចំណាត់ការក្រសួង បានបិទ ក្រុមហ៊ុន នាំចូលជ្រូក ចំនួន២ លោកកត់សំគាល់អំពីទំហំ នៃ ការចិញ្ចឹមជ្រូកក្នុងស្រុក ទាំងអ្នកបង្កាត់ពូជតូច ក៏ដូចជាការធ្វើកសិកម្មពាណិជ្ជកម្មមានការកើនឡើង ហើយតម្លៃក៏មានស្ថេរភាពផងដែរ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃ អគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វ ធ្លាប់មានប្រសាសន៍ថា ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់កសិករ ធ្វើឱ្យតម្លៃទីផ្សារជ្រូកមានស្ថេរភាព ក្នុងស្រុក ហើយអាចកាត់បន្ថយការធ្វើចំណាកស្រុក និង គាំទ្រក្រុមហ៊ុនក្នុងស្រុកដើម្បីផលិតជ្រូករស់សម្រាប់ផ្គត់ផ្គង់ទីផ្សារឲ្យបានគ្រប់គ្រាន់នោះ រដ្ឋាភិបាលបានសម្រេចចិត្តកាត់បន្ថយជ្រូករស់ដែលនាំចូលពីបរទេសរហូតដល់ ៧០ ភាគរយ ។
គូសបញ្ជាក់ផងដែរថា ក្រសួង កសិកម្មរុក្ខា ប្រមាញ់ និង នេសាទ បានបញ្ជាក់ថា មានក្រុមហ៊ុនចំនួន ៦ ត្រូវបានអនុញ្ញាតឱ្យនាំចូលជ្រូករស់ពីប្រទេសជិតខាង។ ដោយចំនួននៃការនាំចូលជ្រូករស់របស់ពួកគេមានចំនួនសរុបពី ១.៨០០ ទៅ ២១០០ ក្បាលក្នុងមួយថ្ងៃ ពីប្រទេសថៃ ខណៈដែល ក្រុមហ៊ុននីមួយៗត្រូវបានអនុញ្ញាតឱ្យនាំចូលជ្រូករស់ចំនួន ត្រឹមតែ៣០០ ក្បាលតែប៉ុណ្ណោះ។
ដោយ៖ Stince