មន្ទីរកសិកម្មខេត្តស្វាយរៀង បានជំរុញឲ្យប្រជាកសិករបង្វែរពីការធ្វើស្រូវមកដាំអំពៅស្ករវិញ ដើម្បីបង្កើននូវប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ខណៈអំពៅស្ករកំពុងតែមានតំលៃនៅលើទីផ្សារ និងមានតម្រូវការខ្ពស់ផងដែរ។
លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានមានប្រសាសន៍ថា បច្ចុប្បន្នដំណាំអំពៅស្ករកំពុងតែមានទីផ្សារហើយតំលៃក៏ល្អដែរ ដូច្នេះប្រជាកសិករគួរងាកមកដាំដំណាំអំពៅវិញ ស្របពេលដែលដីនៅក្នុងខេត្តនេះអំណោយផលលើដំណាំអំពៅ។
លោកបន្តថា មន្ទីរកសិកម្មបានសហការជាមួយក្រុមហ៊ុនចំនួន ៥ក្នុងខេត្ត ដោយបានប្រមូលទិញអំពៅពីប្រជាកសិករ ធ្វើអោយកសិករងាយស្រួលក្នុងការលក់អំពៅចេញ។ មួយវិញទៀត អំពៅស្ករក្នុង ១ហិកតា ទទួលបានផល ៦០តោន ហើយក្នុងមួយតោនតម្លៃ ៣៩ដុល្លា បើប្រៀបធៀបទៅនឹងការធ្វើស្រូវវិញ គឺទទួលបានផលច្រើនជាងពី៤ ទៅ ៥ដងឯណោះ។
លើសពីនេះទៀត មន្ទីរកសិកម្មបានធ្វើការជំរុញការផ្សព្វផ្សាយដល់ប្រជាកសិករដែលមានដីជាប់នឹងចំការដំណាំអំពៅ ដែលធ្វើស្រែបានទិន្នផលទាប អាចពិចារណាធ្វើការផ្លាស់ប្ដូរមុខដំណាំ ដោយកុំពឹងផ្អែកទៅលើដំណាំស្រូវតែមួយមុខ ពោលត្រូវផ្លាស់ប្ដូររកមុខដំណាំណាដែលគិតថាមានតម្លៃខ្ពស់ ហើយចំណាយដើមទុនតិចដើម្បីយើងមានលទ្ធភាពបង្កើនការងារផង បង្កើនប្រាក់ចំណូលផង អញ្ចឹងយើងបានណែនាំអោយពួកគាត់ធ្វើការផ្ទេរមុខដំណាំ ដោយបង្វែរមកដាំអំពៅ ឬដំណាំផ្សេងៗទៀត។
សូមបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀងមានផ្ទៃដីដាំអំពៅស្ករប្រមាណ ៦,៤០០ហិកតា និងមានក្រុមហ៊ុនចំនួន៥ កំពុងវិនិយោគលើដំណាំអំពៅស្កររួមមាន៖ មានក្រុមហ៊ុនផាត់ សំណាង, ក្រុមហ៊ុនស្វាយរៀង ស៊ូហ្គើខេន, ក្រុមហ៊ុនមិត្តភាព, ក្រុមហ៊ុនធើន រ៉ាយ ហ្វៀល និងក្រុមហ៊ុន កុយ សារ៉េន៕
អត្ថបទដោយ៖ Nevin