We TV Cambodia

ដំឡូងមីសរីរាង្គខេត្តព្រះវិហារ លក់បានតម្លៃខ្ពស់ ៣៦០ រៀលក្នុងមួយគីឡូ

ដំឡូងមីសរីរាង្គខេត្តព្រះវិហារ លក់បានតម្លៃខ្ពស់ ៣៦០ រៀលក្នុងមួយគីឡូ

ដោយ៖ ពេជ្រ

ភ្នំពេញ៖  ដំឡូងមីសរីរាង្គក្នុងខេត្តព្រះវិហារ អាចលក់បានតម្លៃខ្ពស់ ៣៦០ រៀលក្នុងមួយគីឡូ។ នេះបើតាមការបញ្ជាក់ពីផេករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទកាលពីពេលកន្លងទៅ។​

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងថា សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ មានចិត្តសប្បាយចិត្តជាពន់ពេក ដែលបាននិងកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC)តាមកិច្ចសន្យា ដោយទទួលបានតម្លៃខ្ពស់ ៣៦០ រៀលក្នុងមួយគីឡូក្រាម ។

សម្រាប់ឆ្នាំ ២០២០ នេះ សហគមន៍កសិកម្មលើកកម្ពស់កសិករ មានសមាជិកចំនួន ២៨១ គ្រួសារហើយបានចុះកិច្ចសន្យារួមគ្នាលក់ដំឡូងមីសរីរាង្គជូនក្រុមហ៊ុន CACC ក្នុងបរិមាណសរុបចំនួន ៧ ៤៣៧ តោន ។

ដោយឡែក សហគមន៍កសិកម្មរំដួលសាមគ្គីមានជ័យម្លូព្រៃពីរ ស្ថិតនៅឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ បាននិងកំពុងមមាញឹកលក់ស្រូវម្លិៈក្រហមលក់ជូនក្រុមហ៊ុន Signature of Asia ដែលនៅក្នុងឆ្នាំ ២០២០ នេះសហគមន៍ បានចុះកិច្ចសន្យាលក់ស្រូវសរីរាង្គជូនក្រុមហ៊ុនចំនួន ០២ គឺក្រុមហ៊ុន Golden Rice និងក្រុមហ៊ុន Signature of Asia។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២០ នេះ សហគមន៍កសិកម្មរំដួលសាមគ្គីមានជ័យម្លូព្រៃពីរ មានសមាជិកចំនួន ១១១ គ្រួសារ បានចុះកិច្ចសន្យារួមគ្នាផលិតស្រូវលក់ជូនក្រុមហ៊ុន Signature of Asia ក្នុងបរិមាណប្រមាណ ៣៨៩ តោនក្នុងនោះមាន(១).ស្រូវផ្ការំដួលស្ងួត ៨២,៥ តោន (២). ស្រូវផ្កាម្លិៈក្រហម ស្ងួត ១៣៥,៦៥ តោន និង(៣).ស្រូវសរ ស្ងួត ១៦៩,៩០ តោន ៕

Related Articles