រូបភាពឯកសារ
ពោធិ៍សាត់៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃពុធ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ថា ៖ ពលរដ្ឋមិនអាចដាក់លិខិតតែមួយកន្លែងនោះឡើយ ដោយពួកគាត់ត្រូវទៅដាក់មន្ទីរពាក់ព័ន្ធពី ២ទៅ៣ក្រសួង ទម្រាំបានក្រដាសស្នាមដល់ប្រធានមន្ទីរ ត្រូវការពេលយូរ ហើយក៏ជាការទុកឱកាសដល់មន្ត្រីខិលខូចមួយចំនួន អាចរកលុយបានក្រៅ ដោយការទារសុំបង់កម្រៃក្រៅផ្លូវការ។ បន្ថែមពីលើនោះទៅទៀត សម្ដេច ក៏បានសង្កត់ធ្ងន់ផងដែរថា ក៏បានស្នើទៅក្រសួងស្ថាប័នពាក់ព័ន្ធផ្ទេរសេវាកម្មទៅកាន់ការិយាល័យច្រកចេញចូលតែមួយ ប៉ុន្តែប្រធានមន្ទីរ និងមន្ត្រីការងារជំនាញនៅតែជាអ្នកសម្រេចដដែល។
បច្ចុប្បន្ន កម្ពុជាមានការិយាល័យច្រកចេញចូលតែមួយចំនួន១១៥ ដែលក្នុងនោះមាន២៧ក្រុង ៤៧ស្រុក និង១៤ខណ្ឌ ដែលស្មើនឹង៥៧ភាគរយនៃការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។
ការិយាល័យច្រកចេញចូលតែមួយ ត្រូវផ្តល់សេវារដ្ឋបាលសាធារណៈ ជាកញ្ចប់នៅកន្លែងតែមួយ ហើយសេវាកម្មនេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ហើយអាចប្រមូលចំណូលចូលថវិកាជាតិប្រកបដោយតម្លាភាព និងទប់ស្កាត់អំពើពុករលួយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ក្នុងស្រុក
