ប្រជាកសិករដាំដំណាំ ស្ពៃសាលាដ នៅខេត្ដបាត់ដំបង កំពុងតែរីករាយប្រមូលផលជាបណ្ដើរ ខណៈដែលទីផ្សារក៏មានភាពល្អប្រសើរ ក្នុងមួយគីឡូក្រាមបានតម្លៃ ២៥០០៛ នេះបើយោងតាមការចុះផ្សាយលើគណនីហ្វេសប៊ុក ផ្លូវការរបស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការប្រកបរបរដាំដំណាំសាលាដ ត្រូវបានស្ដែងចេញនូវរូបភាពយ៉ាង ស្រស់ហើយខៀវខ្ចី ល្អណាស់ ជាចំការ ដែលស្ថិតនៅក្នុងបណ្តុំកសិករដាំដំណាំបន្លែរបស់កសិករ រស់ នៅក្នុងភូមិសំរោងស្នោ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្ថិតនៅក្រោមអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការផ្តល់ហិរញ្ញប្បទានសម្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម ។ មកទល់បច្ចប្បន្ននេះគឺកំពុងចាប់ផ្តើមប្រមូលផល ដែលមានតម្លៃត្រឹមតែ ២ ៥០០រៀល/គ.ក្រ ប៉ុណ្ណោះ។
គូសបញ្ជាក់ផងដែរថា ដំណាំសាលាដ គឺជាប្រភេទបន្លែដែល មានភាពងាយស្រួលដាំ ហើយមានទីផ្សារគ្រាន់បើដែរ ប៉ុន្ដែពិបាកថែរក្សាបន្ដិច ជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ដូច្នេះហើយ កម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ និងជួយកែរលំអ អំពីបច្ចេកទេសក្នុងការគ្រប់គ្រង មើលថែរហូតដល់ពេលប្រមូលផល។
ដោយ៖ Stince
