We TV Cambodia

ដំណាំដំឡូងមី នៅស្ទឹងត្រែងឡើងថ្លៃបានជាង៣០០រៀល ធ្វើឱ្យកសិករសប្បាយចិត្ត

ដំណាំដំឡូងមី នៅស្ទឹងត្រែងឡើងថ្លៃបានជាង៣០០រៀល ធ្វើឱ្យកសិករសប្បាយចិត្ត

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ស្ទឹងត្រែង៖​ ដំណាំដំឡូងមីស្រស់ ដែលកសិករបានដាំដុះបានឡើងថ្លៃបានជាង៣០០រៀលក្នុងមួយគីឡូក្រាម ដែលនេះជាកត្តាធ្វើឱ្យអ្នកដាំដុះមានការសប្បាយចិត្ត។ 

នេះបើតាមកសិករនៅខេត្តស្ទឹងត្រែង បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដោយសារតម្លៃដំឡូងមីស្រស់ ឆ្នាំនេះ បានឡើងថ្លៃជាបណ្តើរៗឡើងវិញរហូតដល់ជាង៣០០រៀលក្នុងមួយគីឡូក្រាម ហើយបងប្អូនមានជំនឿថានៅពេលខាងមុខ ដំឡូងមីនឹងឡើងថ្លៃបន្តទៀត ព្រោះមានឈ្មួញមកប្រកួតប្រជែងគ្នាទិញ។ 

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង លោក អ៊ុន សុខា បានបញ្ចាក់ថា លោកស្វាគមន៍ និងគាំទ្រចំពោះការបង្កើនដំណាំដំឡូងមីរបស់កសិករនៅតាមបណ្តាភូមិឃុំព្រោះរាល់កិច្ចការងារទីផ្សារ លោកបានទាក់ទងជាមួយនឹងអ្នកវិនិយោគទុនផ្សេងៗឱ្យមកជួយទិញ កសិផលដែលកសិករផលិតបាន។ លោកបន្តយ៉ាងដូច្នេះថា គ្រប់ផលិតផលរបស់កសិករ មិនថាតែដំឡូងមីទេ នៅតាមតំបន់ នីមួយៗត្រូវគិតពីគុណភាពផងដើម្បីលក់បានតម្លៃខ្ពស់។ 

ចំណែកឯ លោកស្រីតេងស្រីខួច អ្នកប្រមូលទិញដំឡូងមីស្រស់ បានសុំឲ្យកសិករខិតខំរៀនបច្ចេកទេសកសិកម្មនិងពិនិត្យមើលផ្ទៃដី ចេះផ្លាស់ប្តូរពូជដំណាំដាំដុះ ដើម្បីឱ្យបាន ទិន្នផលខ្ពស់ ហើយត្រូវប្រើប្រាស់ជីធម្មជាតិឱ្យបានច្រើន ចៀសវាងប្រើជីគីមីដែល នាំឱ្យខូចគុណភាពដីនឹងចំណាយប្រាក់ច្រើន៕

ប្រភព៖ AKP                         

Related Articles