ដោយ៖ពេជ្រ
ភ្នំពេញ៖ ដំណាំខ្ទឹមស្លឹក និងដំណាំបន្លែក្នុងខេត្តកំពង់ឆ្នាំង អាចឱ្យកសិកររកចំណូលបានពី ២ពាន់ទៅ ៥ពាន់ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។នេះបើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ថ្ងៃ២៣ កក្កដា ឆ្នាំ២០២០។
កសិករក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង អាចរកចំណូលពី ២ពាន់ទៅ ៥ពាន់ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីការដាំដំណាំខ្ទឹមស្លឹក និងដំណាំបន្លែ តែក៏អាស្រ័យលើទំហំនៃផ្ទៃដី និងការប្រមូលផលផងដែរ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដោយសារតែបានទទួលបានការបំពាក់បំប៉ន និងជួយគាំទ្របច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងធនធានថវិកាមួយចំនួន របស់គម្រោងកម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់និងការបម្រួលអាកាសធាតុ ដែលហៅកាត់ថា ASPIRE ជាលទ្ធផលដែលទទួលបានគឺ ក្រោយពីបានចាប់ផ្តើមចងក្រងជាសមាជិកបណ្ដុំគ្រួសារកសិករពីដំបូងមានចំនួន៣៩គ្រួសារ ហើយមកទល់បច្ចុប្បន្ននេះមានសមាជិកបានកើនឡើងរហូតដល់ចំនួន៥៤គ្រួសារមានផ្ទៃដីសរុប១៦ហិកតា។
ទន្ទឹមនឹងនេះ កសិករកំពុងរៀបចំផែនការដាំខ្ទឹមស្លឹកជាបន្តបន្ទាប់ ហើយកសិករខ្លះបានប្រមូលផលលក់ទៅទីផ្សារក្នុងតម្លៃ ៥០០០៛ ក្នុងមួយគីឡូក្រាម រីឯប្រាក់ចំណូលប្រចាំឆ្នាំរបស់សមាជិកបណ្តុំកសិករនៅទីនោះ អាចទទួលបានពី ២ ០០០ ទៅ ៥ ០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ អាស្រ័យទៅលើទំហំដីរបស់សមាជិករបណ្តុំកសិករ នៃគ្រួសារនិមួយៗ ។
សូមបញ្ជាក់បន្ថែមថា មកទល់ឆ្នាំ ២០២០ នេះ គម្រោងកម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់និងការបម្រួលអាកាសធាតុ បានពង្រីកសកម្មភាពរបស់ខ្លួនរហូតដល់ ២៤ ខេត្ត ដែលទទួលហិរញ្ញប្បទានសម្បទាន និងឥតសំណងពី ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD ៕
