
ដំណាំឈើហូបផ្លែបីប្រភេទនៅខេត្តមណ្ឌលគិរីកំពុងទទួលបានទិន្នផលល្អ និងកំពុងពេញនិយមនៅលើទីផ្សារ ដោយសារតែមានរសជាតិឆ្ងាញ់ និងជាផ្លែឈើធម្មជាតិ ដែលធ្វើឲ្យកសិករមានការកលនឡើងចំណូលផងដែរ។

លោកស្រី ប្រាក់ សាវី ម្ចាស់ចំការផ្លែឈើស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹងថា ដំណាំឈើហូបផ្លែទាំងបីប្រភេទរួមមាន ប័រ ទុរេន និងផ្លែផាសសិន កំពុងតែពេញនិយមនៅលើទីផ្សារ សំរាប់ប្រជាពលរដ្ឋទិញយកទៅបរិភោគ ដោយសារតែវាមានរសជាតិឆ្ងាញ់ និងជាផ្លែឈើបែបធម្មជាតិដែលគ្មានជាតិគីមី។

ដំណាំឈើហូបផ្លែទាំងបីប្រភេទនេះ លោកស្រីបានដាំដុះលើផ្ទៃដីសរុបចំនួន ៧ហិកតា ហើយការដាំនោះដែរត្រូវប្រើរយៈពេល ៦ឆ្នាំទើបអាចប្រមូលផលបាន។ ក្នុងនោះដែរ ផ្លែទុរេនអាចលក់បានចន្លោះពី ១០,០០០រៀលទៅ១៨,០០០រៀលក្នុងមួយគីឡូ ចំណែកផ្លែប័រ និងផាសសិន អាចលក់បានចន្លោះពី ៧,០០០រៀល ទៅ ៨,០០០រៀលក្នុងមួយគីឡូ ដោយមានភ្ញៀវមកទិញផ្ទាល់ និងមានម៉ូយចាំទទួលទិញស្រាប់ផងដែរ។

លោកស្រីបានបញ្ជាក់ថា ជាមធ្យមក្នុងមួយឆ្នាំៗ លោកស្រីអាចរកចំនូលប្រមាណ ១ម៉ឺនដុល្លារ ទៅ ១ម៉ឺន៥ពាន់ដុល្លារ។ លោកស្រីប្រកបរបរនេះអស់រយៈពេលជាង ២០ឆ្នាំមកហើយ និងនៅតែអាចប្រមូលផលបានល្អប្រសើរដូចធម្មតា។
អត្ថបទដោយ៖ Nevin
