We TV Cambodia

ដើម្បី​បង្កើន​ការនាំចេញ​ ក្រសួងកសិកម្មបានកំណត់​ស្លាក​សញ្ញា​ជាតិ សម្គាល់​លើ​ផលិតផល​ស្បៀង

ដើម្បី​បង្កើន​ការនាំចេញ​ ក្រសួងកសិកម្មបានកំណត់​ស្លាក​សញ្ញា​ជាតិ សម្គាល់​លើ​ផលិតផល​ស្បៀង
ផលិតផលចេករបស់កម្ពុជាសម្រាប់នាំចេញ (ប្រភព៖ Google)

ដើម្បី​ជំរុញ​ឲ្យ​ផលិតផល​មាន​ទីផ្សារ​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ក្រៅប្រទេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង​កំណត់​ដាក់​ស្លាក​សញ្ញា​ជាតិ សម្រាប់​សម្គាល់​លើ​ផលិតផល​ស្បៀង និង​ផលិតផល​សរីរាង្គ ដែលវានឹងជួយល់​ទំនុកចិត្ត​ដល់​អ្នកទិញ ថាផលិតផលនោះ​មាន​ប្រភព​ចេញពី​ការត្រួតពិនិត្យ​វិធានការ​កសិកម្មសរីរាង្គ​ពី​ក្រសួងកសិកម្ម​រួចរាល់ហើយ។

​បើតាម​ក្រសួងកសិកម្មបានឲ្យដឹងថា ម្ចាស់​ផលិតផល​ដែលមាន​បំណង​ចង់​ប្រើប្រាស់​ស្លាក​សញ្ញា​សម្រាប់​សម្គាល់​លើ​ផលិតផល​របស់ខ្លួន គឺ​ត្រូវដាក់​ពាក្យស្នើសុំ​ការទទួលស្គាល់​ពី​អគ្គនាយកដ្ឋាន​កសិកម្ម  ឬ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​។ ហើយចំពោះការរៀបចំ និង​អនុវត្ត​យន្តការ​គ្រប់គ្រងទៅលើការងារនេះគឺ ក្រសួងកសិកម្ម​បានផ្តល់​សិទ្ធិទៅ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្មជាអ្នកទទួលខុសត្រូវ។

​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ (ប្រភព៖ Google)

បន្ថែមពីនោះទៀត អគ្គនាយកដ្ឋាន​កសិកម្ម និង​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម រួមគ្នា​ត្រូវ​ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​វិធាន​កសិកម្មសរីរាង្គ ក្នុង​ការផលិត និង​ការកែច្នៃ​ដំណាំ​ស្បៀង​។ បន្ទាប់ពីការវាយតម្លៃ ក្រសួង​នឹង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការទទួលស្គាល់​ការអនុវត្ត​វិធាន​កសិកម្មសរីរាង្គ និង​អាចមាន​សិទ្ធិ​ប្រើប្រាស់​ស្លាក​សញ្ញា​លើ​ផលិតផល​របស់ខ្លួន​។

ផលិតផលកសិកម្មរបស់កម្ពុជាសម្រាប់នាំចេញ (ប្រភព៖ Google)

​គូសបញ្ជាក់ផងដែរថា មុននឹងទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការទទួលស្គាល់​ការអនុវត្ត​វិធាន​កសិកម្មសរីរាង្គ​នេះ ​ម្ចាស់​ផលិតផលត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​វិធានការ​កសិកម្មសរីរាង្គ អនុវត្តតាម​គោលការណ៍​បច្ចេកទេស​ក​សិ​កម្ម​សរីរាង្គ​។​ វិញ្ញាបនបត្រនេះដែរ គឺជា​ការ​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​នៃ​សពុល​ផលិតផល និង​ទំហំ​នៃ​ការផលិត​ ហើយក្នុងករណី​ដែល​ម្ចាស់​ផលិតផល​ក្លែងបន្លំ​ស្លាក​សញ្ញា​លើ​ផលិតផល នឹងត្រូវ​ប្រឈម​នឹង​ចាត់វិធានការ​តាមច្បាប់​ផងដែរ៕

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles