We TV Cambodia

ដើម្បីរក្សាចីរភាពផលិតកម្ម និងបង្កើនការនាំចេញ សមាគមអ្នកនាំចេញដំឡូងមីត្រូវចេះសហការ និងរួបរួមគ្នាដោះស្រាយបញ្ហា

ដើម្បីរក្សាចីរភាពផលិតកម្ម និងបង្កើនការនាំចេញ សមាគមអ្នកនាំចេញដំឡូងមីត្រូវចេះសហការ និងរួបរួមគ្នាដោះស្រាយបញ្ហា

ប៉ៃលិន៖​ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបាន លើកឡើងថា ដើម្បីរក្សាចីរភាពផលិតកម្ម និងបង្កើនការនាំចេញ  សភាពាណិជ្ជកម្មខេត្តប៉ៃលិន និងសមាគមអ្នកនាំចេញដំឡូងមីត្រូវចេះសហការ និងរួបរួមគ្នាដោះស្រាយបញ្ហា។ នេះបើតាមកិច្ចប្រជុំកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងសមាគមអ្នកនាំចេញដំឡូងមីនៅខេត្តប៉ៃលិន ឯកឧត្តម ប៉ាន សូរស័ក្តិ  បានមានប្រសាសន៍ថា ដើម្បីរក្សាបានចីរភាពបរិមាណផលិតកម្ម និងបង្កើនបរិមាណនៃការនាំចេញ ភាគីទាំងអស់ត្រូវសហការ និងរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុងខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមី ដើម្បីរួមចំណែកអភិវឌ្ឍន៍ផលិតផលកសិ-ពាណិជ្ជកម្ម នេះឲ្យកាន់តែមានភាពរីកចម្រើនជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់បងប្អូនកសិករផលិត និងតួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវ៉ាក់តម្លៃនេះប្រកបដោយសមភាព សមធម៌ និរន្តរភាព និងរួមចំណែកជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបន្តទៀតថា សមាគមនាំចេញ ជាតួអង្គសំខាន់មួយក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមី និងជាឪពុក ជាម្តាយរបស់បងប្អូនអាជីវករ ផលិតករ ម្ចាស់ឃ្លាំងសម្ងួត រោងចក្រ/សិប្បកម្មកែច្នៃនៅក្នុងខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមីទាំងមូលផងដែរ។ ហេតុនេះត្រូវមានការសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការកសាងសមាគមឱ្យមានភាពរីកចម្រើន និងបែងចែកភោគផលប្រកបដោយសមធម៌ តម្លាភាព គណនេយ្យភាព និងប្រកៀកស្មាគ្នាដោះស្រាយបញ្ហាគ្រប់រូបភាព។ ជាពិសេសត្រូវផ្តោតការយកចិត្តទុកដាក់ លើបរិមាណ និងគុណភាពផលិតផល ក្នុងសមាគមរបស់យើងឱ្យបានហ្មត់ចត់ ព្រោះវាដើរតួនាទីសំខាន់ណាស់សម្រាប់ធ្វើការប្រកួតប្រជែងជាយុទ្ធសាស្ត្ររយៈពេលខ្លី និងវែងរបស់សមាគមនីមួយៗ។

ទន្ទឹមនឹងនេះ  សមាគមនាំចេញ ត្រូវធ្វើការទំនាក់ទំនងជាមួយនឹងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីឱ្យប្រធានមន្ទីរពាណិជ្ជកម្មខេត្តគោរពជម្រាបជូនដំណឹងទៅឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសឯកឧត្តមអភិបាលរង ទទួលបន្ទុកផែនពាណិជ្ជកម្ម ដើម្បីដោះស្រាយនូវរាល់បញ្ហាកកស្ទះផលិតផលដំឡូងមី តាមរយៈការចចារកវិធីសាស្រ្ត និងយន្តការដោះស្រាយបន្ទាន់ៗ ជាមួយនឹងសមភាគីថៃ ដើម្បីសម្របសម្រួលឱ្យមានចរាចរផលិតផលបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

Related Articles