
បើយោងតាមប្រសាសន៍របស់លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានឲ្យដឹងថា ដើម្បីជួយដល់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាដែលកំពុងតែជួបបញ្ហាដោយសារ COVID-19 អម្រឹតនឹងផ្តល់ការពន្យារពេលនៃការសងបំណុល។
លោក ដុស ឌីន បានបន្តទៀតថា ការពន្យារការសងកំពុងផ្តល់ជូនគឺបែងចែកអតិថិជនជាពីរប្រភេទធំៗ៖
– ទីមួយៈ អតិថិជនឥណទានក្រុមធានា ដែលភាគច្រើនរស់នៅទីជនបទ និងខ្ចីប្រាក់ក្នុងទំហំតូច ដោយអម្រឹតនឹងផ្តល់ពន្យារការសងទាំងការប្រាក់ និងប្រាក់ដើមជាស្វ័យប្រវត្តិតែម្តងសម្រាប់រយៈពេលបីខែ។ ប្រសិនអតិថិជនស្នើសុំពន្យារការសង។
– ទីពីរៈ អតិថិជនកម្ចីជាបុគ្គលដែលខ្ចីប្រាក់ក្នុងទំហំធំ ជាពិសេសអតិថិជនដែលមុខរបរស្ថិតក្នុងវិស័យអាទិភាពទាំងបួន (មានវិស័យទេសចរណ៍, កាត់ដេរ, សំណង់ និងដឹកជញ្ជូន, និងផ្នែកខ្លះនៃវិស័យកសិកម្ម) ដោយអម្រឹតអាចនឹងផ្តល់ការពន្យារការសងប្រាក់ដើម ឬទាំងប្រាក់ដើម និងការប្រាក់ចាប់ពី ៣ខែដល់ ៦ខែ។
គូសបញ្ជាក់ផងដែរថា ចំពោះការផ្ដល់ការពន្យាការសងនេះដែរគឺ អាចមានរយៈពេលពី ០៣ខែ ទៅ ០៦ខែ អាស្រ័យទៅតាមស្ថានភាពលំបាកពិតប្រាកដរបស់អតិថិជនម្នាក់ៗ។ បច្ចុប្បន្ន អម្រឹត មានអតិថិជនសរុបជាង ៥០ម៉ឺននាក់ ក្នុងនោះអតិថិជនឥណទានក្រុមធានាមានជាង ១២ម៉ឺននាក់។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
