We TV Cambodia

ដីឡើងថ្លៃនៅខេត្ត កោះកុង ជារឿងល្អឬអាក្រក់?

ដីឡើងថ្លៃនៅខេត្ត កោះកុង ជារឿងល្អឬអាក្រក់?

 
 

ដោយៈ ទិន សុខាវុធ

កសិករ​ម្នាក់រស់នៅ​ក្នុង​ខេត្ត កោះកុង បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ជប៉ុន Nikkei Asian Review ថា ដី​នៅ​ក្នុង​តំបន់​របស់គាត់​បាន​ឡើងថ្លៃ ១០ ដងច្រើនជាងមុន​​ ទោះ​ជា​នៅ​ក្នុង​តំបន់​នោះ​ ពុំទាន់​មាន​សេវា​ទូរស័ព្ទ​ដៃ​យ៉ាង​ណាក៏​ដោយ​។

ចំពោះ​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ ដី​ឡើងថ្លៃ​នៅ​ក្នុង​តំបន់ណា​មួយ ​គឺ​ជា​សញ្ញា​វិជ្ជមាន​​បញ្ជាក់​ប្រាប់​ថា នៅ​ក្នុង​តំបន់​នោះ វិស័យ​ជំនួញ​មានការរីកចំរើនដ៏​គួរ​អោយ​កត់​សំគាល់​។

ក៏​ប៉ុន្តែ ក៏​មាន​កាសែត​បរទេស​មួយ​ចំនួន​បាន​លើកឡើងថា ដី​ឡើង​ថ្លៃ​នៅ​ក្នុង​​ខេត្ត​ កោះ​កុង​ គឺ​ជា​រឿង​​ដ៏​គូរ​អោយ​ព្រួយ​បារម្ភ​ទៅ​វិញ​​។ តើពិត​ជា​ដូច្នេះ​មែន​ដែរ​ឬ​ទេ?

យោង​តាម​អ្នក​ជំនាញ​អចលនទ្រព្យ មូល​ហេតុមួយ​​ដែលធ្វើអោយ​ដី​នៅ​ក្នងខេត្ត កោះកុង ឡើង​ថ្លៃ គឺ​ការសាងសង់​ព្រលានយន្តហោះ​​អន្តរជាតិ​ដ៏​ធំ​មួយ​មានឈ្មោះ​ថា «​តារា​សាគរ» មានទីតាំង​ស្ថិត​នៅ​ចន្លោះ​ស្រុក ថ្ម​បាំង និង​ស្រុក បុទុមសាគរ ខេត្ត កោះកុង ។

គំរោង​នេះ​ត្រូវ​បាន​និង​កំពុង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Union Development Group (UDG) ដោយ​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​ MY និង​ក្រុមហ៊ុន ស៊ីឈួន ហួយស៊ីង​គ្រុប​។

លោក WANG CHAO អនុប្រធាន​ក្រុមហ៊ុន UDG បាន​អោយ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​គ្រោង​បញ្ចប់​ការសាងសង់​ព្រលាន​យន្តហោះ​នៅ​ក្នុង​ខេត្ត កោះកុង នៅ​ត្រឹម​ខែ ឧសភា ឆ្នាំ ២០២០ ហើយ​ការហោះហើរ​សាកល្បង​ជា​លើក​ដំបូង ក៏​នឹងត្រូវ​ធ្វើ​ឡើង​​នៅ​ក្នុង​ខែ តុលា ឆ្នាំ ២០២០ ខាង​មុខ​នេះ​ដែរ​។

លោក​បាន​បន្ថែម​ថា នៅ​ពេលព្រលាន​ត្រូវ​បាន​សាងសង់​រួច ក្រុមហ៊ុន​របស់​លោក​នឹង​ធ្វើការបណ្តុះបណ្តាល​ជំនាញ​​ទាក់ទង​នឹង​ព្រលាន​យន្តហោះ អោយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សមត្ថភាព​ អាច​ទទួល​យក​ជំនាញ​នេះ​បាន​ ក្នុង​គោលបំណង​ប្រើប្រាស់​កំលាំង​ពលកម្ម​ក្នុង​ស្រុក អោយ​បាន​ច្រើន​បំផុត​ បើ​អាច​ធ្វើ​ទៅ​បាន​​។

លោក​អនុប្រធាន​ក្រុមហ៊ុន UDG បានបន្តទៀត​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត កោះកុង ស្ថិត​នៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​ដ៏​ល្អ​ប្រសើរ ព្រោះ​​ជាប់​នឹង​​មាត់​សមុទ្រ និង​ស្ថិត​ក្នុង​តំបន់​ភ្នំ ដែលអាច​អនុញ្ញាត​អោយ​​មាន​ការហោះហើរ​ត្រង់​ពី​និង​ទៅ​កាន់​ទីក្រុង ប៉ារីស ​នៃ​ប្រទេស​បារាំង និង​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ទៀត​។ កត្តា​នេះ​នឹងធ្វើ​អោយ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ មក​លេង​កំសាន្ត​នៅ​ប្រទេស​​កម្ពុជា ជា​ពិសេស​ខេត្ត​ កោះកុង កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង ៗ ។ មួយវិញទៀត ​អាកាស​យានដ្ឋាន​មួយ​នេះ អាច​ទទួលភ្ញៀវ​ទេសចរណ៍​បាន​ចំនួន ៥ លាន​នាក់ក្នុង​មួយ​ឆ្នាំ​។

ជាមួយ​នឹង​ទុន​វិនិយោគ​ជំហាន​ដំបូង​ចំនួន​​ $2,200 លាន​ដុល្លារ​ រួ​ម​នឹង​ផ្លូវ​​រត់​ហោះហើរ​​មាន​ប្រវែង ៣,២០០ ម៉ែត្រ និង​មាន​ទទឹង ៤៥ ម៉ែត្រ អាកាសយានដ្ឋាន​តារាសាគរ​នឹង​អាច​​អនុញ្ញាត​អោយ​​យន្តហោះ​ធុន​ធំ​មាន​ប្រភេទ​​​ដូចជា​ Boeing 777 និង Airbus 340 ​ជាដើម ​​អាច​ចុះ​ចត​​នៅ​លើ​ព្រលាន​យន្តហោះ​នោះ​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *