We TV Cambodia

ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ មិនមែនសម្រាប់ ទិញ លក់នោះទេ មិនដូច្នោះនឹងត្រូវជាប់ទោស

ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ មិនមែនសម្រាប់ ទិញ លក់នោះទេ មិនដូច្នោះនឹងត្រូវជាប់ទោស

ថ្មីៗនេះ លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការតាមផ្លូវ ក្នុងករណីដែលជនខិលខូចមួយចំនួនមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួន ក្នុងការប្រកាសលក់ដីធ្លីក្នុងតំបន់ការពារទី១ និង ទី២នៃរមណីដ្ឋានអង្គរ ខណៈ​ដែលអាជ្ញាធរជាតិអប្សរាតែងតែបានប្រកាសជាសាធារណៈពីការហាមឃាត់ ការទិញលក់ដីធ្លីក្នុងតំបន់ឧទ្យានអង្គរជាច្រើនដងរួចមកហើយ។

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន រស់នៅយូរលង់មកហើយ នៃឧទ្យានអង្គរ អាចបន្ដរស់នៅតទៅទៀតបាន ដោយមិនមានការដេញឲ្យចាកចេញពីភូមិដ្ឋានឡើយ ក៏ប៉ុន្តែ រាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត ដូច្នេះប្រជាពលរដ្ឋដែលបានទិញដីក្នុងតំបន់នេះ នឹងក្លាយជាជនរងគ្រោះ ព្រោះថាពួកគាត់មិនអាចសាង សង់សំណង់ឬធ្វើអ្វីដែលផ្ទុយនឹងច្បាប់បានឡើយ។

ប្រភពដដែលបានបន្ដថា យើងនឹងមានវិធានការផ្លូវច្បាប់ ជាវិធានការតែមួយគត់ ដែលយើងមាន ដើម្បីធ្វើយ៉ាងណា ឱ្យពួកគាត់មកចូលរួមអនុវត្តតាមផ្លូវច្បាប់ចំពោះរឿងហ្នឹង យើងបានប្រាប់ច្រើនដងហើយ បានប្រកាសជាសាធារណៈពីការហាមលក់ដូរដីក្នុងតំបន់ហ្នឹង ម្យ៉ាងទៀតថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តបានចេញលិខិតណែនាំដល់អាជ្ញាធរឃុំសង្កាត់ កុំឱ្យចុះហត្ថាលេខាលើលិខិតទិញលក់ដីក្នុងតំបន់ហ្នឹង អ្វីដែលជាសំណូមពរសុំឱ្យគាត់ចូលរួម កុំទិញដីក្នុងតំបន់ការពារបេតិក​ភ័ណ្ឌ ព្រោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ទី២រាល់ការទិញដីហើយមិនអាចធ្វើការសាងសង់អ្វីបានទេ ចឹងគាត់ក្លាយជាជនរងគ្រោះទៅវិញទេ អ៊ីចឹងអ្នកលក់ដែលភូតភរ ថាសាងសង់បានហ្នឹងកុំជឿគេ ហើយក្លាយជាជនរងគ្រោះ។

សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការ ការពារកម្រិតខ្ពស់បំផុតដែលតំបន់សម្បូរទៅដោយសំណល់បុរាណវត្ថុដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លីផ្តេសផ្តាសឬការអភិវឌ្ឍន៍មិនសមស្របឡើយ។បន្ថែមពីនេះទៀតរាល់ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។

ដោយ៖ Stince

ប្រភព៖ ក្រសួងព័ត៌មាន

Related Articles