ភ្នំពេញ៖ កាហ្វេគឺជាភេសជ្ជៈមួយប្រភេទ ដែលទទួលបានការពេញនិយមស្ទើរតែគ្រប់មជ្ឈដ្ឋាន ក្នុងប្រទេសកម្ពុជានាពេលប្រមាណជាជិតមួយទសវត្សរ៍ចុងក្រោយ ជាពិសេសនៅតាមបណ្ដាទីប្រជុំជន ខេត្ដ ក្រុង ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ភេសជ្ជះប្រភេទនេះ ត្រូវបានគេមើលឃើញថា ប្រជាជនខ្មែរយើងមួយចំនួនតូច ខ្លះបានចាត់ទុកវាជាប្រភេទភេសជ្ជៈប្រចាំថ្ងៃ ដែលមានពេលខ្លះ អ្នកញ៉ាំ អាចរាប់ពី ១កែវក្នុងមួយថ្ងៃ ជាមធ្យម ២កែវ និងអតិបរិមា អាចពី ២ទៅ ៤កែវផង ក្នុងមួយថ្ងៃ។ ដោយហេតុថាមានការពេញនិយមយ៉ាងដូច្នោះ ទើបឱកាសនៃការចាប់ផ្ដើមជីវកម្មភេសជ្ជៈនេះ ក្លាយជាប្រភេទអាជីវកម្មដែលមានអត្ថិភាព និងមានការរីកចម្រើនច្រើន ឡើងខ្លាំង ជាពិសេសនៅក្នុងទីក្រុងភ្នំពេញតែម្ដង។
បច្ចុប្បន្ន នៅក្នុងទីក្រុងភ្នំពេញ អាជីវកម្មកាហ្វេមានច្រើនគ្រាន់បើដែរ អាចនិយាយបានថា ស្ទើតែគ្រប់ទីកន្លែងនៅតាមបណ្ដាដងផ្លូវធ្វើដំណើរឆ្លងកាត់។ ចំនុចសំខាន់ដែលជាការកត់សំគាល់នោះគឺថា អាជីវកម្មខ្លះ ជាលក្ខណៈខា្នតតូច ខ្នាតធ្យម ខ្នាតធំ និងជាការរៀបចំច្នៃម៉ូតបង្កើត ប្រេនដោយខ្លួនឯង និងខ្លះក៏ជាការចែកឈ្នោះ ប្រេន(Franchise) ពីបរទេស។
ងាកមកចាប់អារម្មណ៍ជាមួយការចាប់ផ្ដើមបង្កើតអាជីវកម្មកាហ្វេលើកដំបូង ជាមួយបទពិសោធន៍យ៉ាងថ្មីស្រឡាងរបស់ អ្នកស្រី ញៀវ យិនហ្គេច ស្ថាបនិក Queen Bee Café ដែលជាយីហោកូនខ្មែរមួយ មានលក់ភេសជ្ជៈជាច្រើនប្រភេទរួមទាំងកាហ្វេ និងតែគុជផ្សេងៗ បានប្រាប់ទៅភ្នាក់ងារព័ត៌មានក្នុងស្រុក(Business Cambodia) ថា ដំបូងឡើយគាត់គ្រាន់តែចង់មានមុខរបរមួយផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយគាត់បានចំណាយទុនផ្ទាល់ខ្លួនលើកដំបូង ចំនួន៨០០ដុល្លារ ដើម្បីសិក្សាពីរបៀបធ្វើភេសជ្ជៈផ្សេងៗ។ ក្រោយពេលសិក្សាចប់ គាត់ក៏បានចំណាយទុនផ្ទាល់ខ្លួនបន្ថែមទៀតចំនួន៧០០ដុល្លារ ដើម្បីធ្វើរទេះចាប់ផ្ដើមអាជីវកម្ម។ អាជីវកម្មខ្នាតតូចដែលបានប្រើទុនអស់១៥០០ដុល្លារ ដំបូងរបស់គាត់ នៅមិនទាន់អាចរកចំណូលបានឲ្យគាត់ពេញលេញនៅឡើយទេក្នុងកំឡុងពេល៣ខែ ផ្ទុយមកវិញគាត់ក៏មានការខាតបង់បន្ដិចបន្ដួច ជាប្រចាំខែបើទោះបីជាកន្លែងរបស់គាត់មានអតិថិជនចូលទិញក៏ដោយក្ដី។ គាត់បានចាប់អារម្មណ៍នឹងហាងកាហ្វេធំៗ ទាំងប្រេនក្នុងស្រុក នឹងក្រៅស្រុក ដោយសិក្សាពីចំនុចពិសេសៗនៃហាងទាំងនោះ ជាមួយនឹងការច្នៃរសជាតិ ភេសជ្ជៈ ឲ្យកាន់តែមានរស់ជាតិប្លែក ថ្មី ហើយមានឆ្ងាញ់ ហើយក៏ឆ្លៀតឱកាសបានទៅរៀននៅស្រុកក្រៅបន្ថែម។ បន្ទាប់ពីការខិតខំប្រឹងប្រែងកែច្នៃ និងសិក្សាបន្ថែម អាជីវកម្មរបស់គាត់ក៏ទទួលបានផលជាប្រសើរឡើង រហូតមានភ្ញៀវចូលចិត្ដ គាំទ្រ និងអាចវិវត្ដ ខ្លួនបានក្លាយជាហាងមួយ ដែលមានទីតាំងច្បាស់លាស់ និងមានសាខាប្រមាណជា ១០ កន្លែងក្នុងទីក្រុងភ្នំពេញ។ បន្ថែមពីនេះគាត់បានបញ្ជាក់ផងដែរថា ការជោគជ័យអាជីវកម្មមួយនេះ គឺដោយសារគាត់មានគំនិតច្នៃប្រឌិត តែងតែចម្រាញ់យកភេសជ្ជៈថ្មីៗប្លែកៗដែលកំពុងល្បីនៅលើទីផ្សារ យកមកបំពេញតម្រូវការអតិថិជនបន្ថែម។ ចំណែកការជ្រើសរើសទីតាំង ការប្រម៉ូសិនផ្សេងៗ ក៏ជាចំណុចពិសេសរបស់គាត់ ផងដែរ៕
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Business Cambodia & Facebook
