មនុស្សសម័យថ្មី គឺភាគច្រើនតែងតែរអ៊ូរថា ធាត់មេះ ជាពិសេស មនុស្សស្រីតែម្ដង។ ជំងឺធាត់ ពេលខ្លះ មិនមែនមកបញ្ហាការញុំាមួយមុខនោះទេ អាចមកពីកត្តាទទួលទានស្រាបៀរ ។ល។ តើអ្នកជឿអត់ថា ញ៉ាំទឹកក្ដៅឧណ្ហៗរាល់ថ្ងៃអាចជួយឲ្យយើងស្រកគីឡូ? វាជាការពិតណាស់ ការញ៉ាំទឹកបានគ្រប់គ្រាន់ជាការសំខាន់ណាស់ក្នុងការរក្សាជាតិទឹកក្នុងខ្លួនយើងគ្រប់គ្នា។ ការញ៉ាំទឹកក្ដៅជាប្រចាំ មិនត្រឹមតែជួយឲ្យរាងកាយយើងមានជាតិទឹកគ្រប់គ្រាន់នោះទេ តែនៅថាអាចសម្រកទម្ងន់បានទៀតផង។
ពេលញ៉ាំទឹកក្ដៅឧណ្ហៗ រាងកាយយើងនឹងផ្លាស់ប្ដូរសីតុណ្ហភាព និងចាប់ផ្ដើមធ្វើមេតាប៉ូលិស។ ទឹកក្ដៅជួយបំបែកខ្លាញ់ទៅជាមូលេគុល ដែលនេះជួយឲ្យប្រព័ន្ធរំលាយអាហារងាយដុតបំផ្លាញ។ ដូចគ្នាដែរ បើយើងញ៉ាំទឹកក្ដៅឧណ្ហៗ៣០នាទីមុនញ៉ាំអាហារ នឹងជួយឲ្យរាងកាយគ្រប់គ្រងកាឡូរីដែលយើងញ៉ាំបានល្អ ព្រោះថាងាយធ្វើឲ្យយើងឆាប់ឆ្អែត។ លើសពីនេះទៅទៀត ការញ៉ាំទឹកក្ដៅក៏ជួយឲ្យយើងកាត់បន្ថយការឃ្លានអាហារ ដោយជួយឲ្យយើងមានអារម្មណ៍ថាឆ្អែត។ គុណប្រយោជន៍នៃការញ៉ាំទឹកក្ដៅឧណ្ហៗមួយទៀត គឺជួយដល់ដំណើរការរាងកាយ ជំនួយដល់ការរំលាយអាហារ ធ្វើឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម និងបញ្ចេញកាកសំណល់បានល្អដែរ។
ទន្ទឹមគ្នានេះដែរ បើយើងចង់ឲ្យបានប្រយោជន៍កាន់តែច្រើនពីការញ៉ាំទឹកក្ដៅឧណ្ហៗទៀតនោះ យើងអាចថែមក្រូចឆ្មារ និងទឹកឃ្មុំចូលបន្តិចក៏បាន ដែលរបស់ទាំងនេះសុទ្ធតែមានប្រយោជន៍ដល់ការស្រកទម្ងន់។
អត្ថបទដោយ៖ ពិសី
