ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលក្នុងស្រុក Cambodia Airways បានប្រកាសថាក្រុមហ៊ុននឹងបើកជើងហោះហើរត្រង់ថ្មីចំនួន ២ ដើម្បីដឹកអ្នកដំណើរទៅកាន់និងមកពីប្រទេសចិន។ ជើងហោះហើរត្រង់ទីមួយនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ ក្នុងគោលបំណងដឹកអ្នកដំណើររវាងក្រុងភ្នំពេញនិងខេត្ត Shenzhen នៅភាគអាគ្នេយ៍នៃប្រទេសចិន។
ចំណែកឯជើងហោះហើរត្រង់ទីពីរវិញ នឹងត្រូវចាប់ផ្តើមហោះហើយនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ ដើម្បីដឹកអ្នកដំណើររវាងក្រុងភ្នំពេញនិងក្រុង Chengdu នៅភាគនិរតីនៃប្រទេសចិន។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិល រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនជើងហោះហើររវាងកម្ពុជានិងចិន បានកើនដល់ ៥០០ ជើងក្នុងមួយសប្តាហ៍។ ជាលទ្ធផល ទីក្រុងចំនួន ២៣ នៅក្នុងប្រទេសចិន ត្រូវបានតភ្ជាប់ជាមួយនឹងរាជធានីភ្នំពេញ ដោយជើងហោះហើរ។ ចំណែកឯជើងហោះហើររវាងក្រុងសៀមរាបនិងក្រុងព្រះសីហនុជាមួយនឹងប្រទេសចិន ក៏មានចំនួន ២៣ ដែរ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានអោយដឹងទៀតថា ជារួម នៅកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលចំនួន ១៩ ក្រុមហ៊ុន បាននិងកំពុងរកស៊ីបើកការហោះហើរដឺកអ្នកដំណើរនិងដឹកឥវ៉ាន់ទៅកាន់ប្រទេសផ្សេងៗនៅជុំវិញពិភពលោក។ នៅក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក្រុមហ៊ុនចំនួន ១៤ ជារបស់ចិននិងជាក្រុមហ៊ុនក្នុងស្រុក៕