We TV Cambodia

ជុំវិញការចូលរួមគាំទ្រ របាំព្រះរាជទ្រព្យ រឿងព្រះអនរុទ្ធព្រះនាងឱស្សា នឹងសម្ដែងនៅចុងខែ មីនា ខាងមុខ (Video inside)

ជុំវិញការចូលរួមគាំទ្រ របាំព្រះរាជទ្រព្យ រឿងព្រះអនរុទ្ធព្រះនាងឱស្សា នឹងសម្ដែងនៅចុងខែ មីនា ខាងមុខ (Video inside)

ភ្នំពេញ៖ សិល្បៈរបាំព្រះរាជទ្រព្យ ត្រូវបានយកទៅសម្ដែង ក្នុងព្រះបរមរាជវាំង ក្នុងឱកាសពិធីសំខាន់ៗ សម្រាប់ការទតកម្សាន្ដ របស់មហាក្សត្រ ឬសម្ដែងសម្រាប់ការ បួងសួងផ្សេងៗ ចំពោះការសម្ដែងជាសាធារណៈ មិនសូវមានទេ។​ សិល្បៈរបាំព្រះរាជទ្រព្យត្រូវបាន បែងចែក ជាច្រើនផ្នែក ហើយក៏មានច្រើន រឿង ដែលស្នាដៃទាំងអស់ ត្រូវបានបន្សល់ទុក ជាតំណរក្សត្រជំនាន់នីមួយៗ មានស្នាដៃខ្លះ ក៏បាន បាត់បង់ ហើយក៏មានស្នាដៃខ្លះ ក៏មាននៅសល់។ មានកូនខ្មែរមិនតិចនោះទេ​ដែលនៅមិនទាន់​បានស្គាល់ពី សិល្បៈរបាំព្រះរាជទ្រព្យ បានត្រឹមតែឮ តៗគ្នា ពាក្យថា​របាំព្រះរាជទ្រព្យ ប៉ុន្ដែមិនដែលបានទស្សនាដោយផ្ទាល់ និងស្គាល់ឲ្យបានស៊ីជម្រៅ។

ដោយឡែក ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ប្រមាណជា ៥ឆ្នាំក្រោយមកនេះ ក៏បាន ផ្លាស់ប្ដូរគម្រោង ឲ្យមានការ​សម្ដែងសិល្បៈរបាំព្រះរាជទ្រព្យ នៅខាងក្រៅ ព្រះបរមរាជវាំង សម្រាប់ជាឱកាសក្នុងការចូលរួមទស្សនារបស់ ប្រជាជនខ្មែរ និងជាការចងចាំ ឲ្យកូនខ្មែរទាំងអស់គ្នា បានស្គាល់ បានសិក្សាស្វែងយល់ ក៏ដូចជាការកម្សាន្ដ ផងដែរ។ តួយ៉ាង ដូចជាសិល្បៈរបាំព្រះរាជទ្រព្យ រឿង ព្រះអនរុទ្ធនាងឱស្សា នេះជាដើម​ ដែលគ្រោងនឹងសម្ដែង ចាប់ពីថ្ងៃទី ២៧.២៨.២៩​ ខែមីនា​ខាងមុខនេះ​ នៅសាលមហោស្រពចតុម្មុខ ដោយលក់សំបុត្រ ក្នុងតម្លៃចាប់ពី ២០០០០៛ ឡើងទៅ។

អ្នកស្រី ប៉ែន សុហួន ដែលជាអ្នកដឹកនាំ និង អ្នកតម្លើងរឿងនេះ បានប្រាប់ឱ្យដឹងថា រឿងនេះព្រះ អនរុទ្ធនាងឱស្សា គឺមានតាំងពីយូរលង់ណាស់មកហើយ ហើយរឿងនេះ គឺមានរយៈពេលវែង ជាង ៣ម៉ោង ប៉ុន្ដែពេលនេះ រឿងនេះត្រូវបានកាត់ចេញនូវ ឈុតរាំ ចម្រៀងខ្លះៗចេញ ដោយសង្ខេប ដកស្រង់តែចំនុចសំខាន់ៗ មកតែប៉ុណ្ណោះ។

អ្នកស្រី ហ៊ុល ភឿននារី ជាគ្រូបណ្ដុះបណ្ដាល និងហ្វឹកហាត់​សិល្បៈរបាំនេះ ក៏បានបង្ហាញពីទឹកចិត្ដ ដោយមានមោទនភាពខ្លាំង ចំពោះស្នាដៃ និងការខិតខំប្រែងរបស់សិល្បករ ក្រោយពីមានការគាំទ្រ យ៉ាងពេញទំហឹង ពីបណ្ដា​ភ្ញៀវជាតិ នឹងអន្ដរជាតិ។ ជាពិសេស យុវជនខ្មែរ ដែលមានការគាំទ្រ ទិញសំបុត្រចូលទស្សនា​។ លើសពីនេះ អ្នកគ្រូ ក៏បានលើកបង្ហាញពីការ ហ្វឹកហាត់ របស់សិល្បករទាំងអស់ ដែលមានស្មារតីរឹងមាំ និងខិតខំប្រឹងប្រែង ដើម្បីឲ្យសម្រេចបាននូវជោគជ័យ។

ខាងក្រោមគឺជា វីដេអូនៃកិច្ចសម្ភាសន៍ ជុំវិញការចូលរួមគាំទ្រ របាំព្រះរាជទ្រព្យ រឿងព្រះ អនរុទ្ធព្រះនាងឱស្សា នឹងសម្ដែងនៅចុងខែ មិនា ខាងមុខ៖

អត្ថបទដោយ៖ Stince

Related Articles