កម្ពុជា គឺជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មនាំចេញ មួយចំណែកធំដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ដំណាំកសិកម្មដែលត្រូវបាន នាំចេញទៅក្រៅមានដូចជា ពោត សណ្ដែក ដំឡូង និងស្រូវជាដើម។ តួយ៉ាងសម្រាប់ការនាំចេញ ផលិតផលស្រូវក្នុងកំលុងពេល គិតចាប់ពី ថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា បាននាំចេញស្រូវទៅកាន់វៀតណាម មានចំនួនសរុប ៩២១ ០៤៧ តោន នេះបើយោងតាម ការផ្សព្វផ្សាយតាមរយៈផេកហ្វេសប៊ុក ផ្លូវការរបស់រដ្ឋមន្ដ្រីក្រសួងកសិកម្ម។
ផេកហ្វេសបុក ផ្លូវការរបស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា “ចំពោះខេត្តព្រៃវែងដែលបានជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាគេក្នងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនោះ គឺកំពុងប្រមូលផលស្រូវស្រាលដើមរដូវ ។ យោងតាមរបាយការណ៏របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា៖ ការនាំស្រូវចេញទៅកាន់ប្រទេសវៀណាមកំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០៨ មិថុនា ឆ្នាំ២០២០ គឺបានសម្រេចនាំស្រូវបានចំនួនសរុបប្រមាណជា ៣៨ ៥២៦ តោន ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា៖ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមតាមបណ្តាច្រកមួយចំនួន នៅខេត្តកំពត, តាកែវ, កណ្តាល, ព្រៃវែង និងស្វាយរៀង គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០ សម្រេចបានចំនួន ៩២១ ០៤៧ តោន ។” ។
ដោយ៖ Stince
