We TV Cambodia

ជប៉ុន ផ្ដល់ជំនួយឥតសំណងចំនួន ៣៩២,៣៧១ដុល្លារអាមេរិក ដល់កម្ពុជា

ជប៉ុន ផ្ដល់ជំនួយឥតសំណងចំនួន ៣៩២,៣៧១ដុល្លារអាមេរិក ដល់កម្ពុជា

ដោយ៖រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ជប៉ុន ផ្ដល់ជំនួយឥតសំណងចំនួន ៣៩២,៣៧១ដុល្លារអាមេរិក ដល់កម្ពុជាដើម្បីទ្រទ្រង់ និងដោះស្រាយបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះ ដូចជា ផ្នែកសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍនានា។

ជំនួយឥតសំណងនេះ ជាថវិកាស្ថិតក្រោមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន តាមរយៈគម្រោងជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សធម៌ ដែលភាសាជប៉ុនហៅថា គូសាណូណិ(KUSANONE) សម្រាប់កម្ពុជា យកទៅអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ចនៅតាមជនបទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។

បន្ថែមពីនេះ ថវិកាទាំងនេះ ត្រូវបានផ្តល់ទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងចំនួនជាង១៩ម៉ឺនដុល្លារ សម្រាប់ការកែលម្អផ្លូវ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពក្នុងការឆ្លងកាត់របស់ប្រជាជន និងការដឹកជញ្ជូនផលដំណាំកសិកម្មក្នុងស្រុកបុទុមសាគរ។

ចំណែក ថវិកាជាង៩ម៉ឺនដុល្លារ ផ្តល់ការគាំទ្រសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងថវិកាជាង១០ម៉ឺនដុល្លារទៀត សម្រាប់គម្រោងសាងសង់ឃ្លាំង និងម៉ាស៊ីនកិនស្រូវ នៅស្រុកកោះញែក និងសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំវេចខ្ចប់និងចែកចាយកសិផល រួមជាមួយនឹងបន្ទប់ត្រជាក់រក្សាកសិផលនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ។

សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា ចាប់ តាំងពីឆ្នាំ១៩៩១ មកដល់បច្ចុប្បន្ន ជំនួយគូសាណូណិ សម្រាប់គម្រោងអភិវឌ្ឍខ្នាតតូចនៅកម្ពុជា មានប្រមាជាង៦០០គម្រោង ដែលមានដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់ការអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាលកម្រិតមូលដ្ឋាន និងកសិកម្មជាដើម៕

 

 

Related Articles