ដោយៈ ទិន សុខាវុធ
រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសំរេចផ្តល់ជំនួយឥតសំណងចំនួន $363,224 ដុល្លារអាមេរិកសំរាប់គំរោងអភិវឌ្ឍន៍ចំនួន ៣ នៅកម្ពុជា។
ពិធីចុះហត្ថលេខាផ្តល់ជំនួយខាងលើ ត្រូវបានធ្វើឡើងនៅឯស្ថានទូតជប៉ុន កាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២០ ក្រោមអធិបតីភាពលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពជា។
ទឹកប្រាក់ចំនួន $363,224 ដុល្លារនេះ ត្រូវបានបែងចែកអោយទៅគំរោងចំនួន ៣ ដែលនៅក្នុងនោះ ទឹកប្រាក់ប្រមាណជា $180,000 ដុល្លារត្រូវបានបែងចែកអោយទៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន សំរាប់ការកែលំអផ្លូវនៅសង្កាត់អូរតាវ៉ៅ ក្នុងក្រុងប៉ៃលិន។
ទឹកប្រាក់ប្រមាណជា $90,000 ដុល្លារទៀត ត្រូវបានបែងចែកអោយទៅការិយាល័យសុខាភិបាលស្រុកល្វាឯម ខេត្តកណ្តាល សំរាប់ការសាងសង់អគារសំរាកព្យាបាលជំងឺ ដែលមានគ្រែចំនួន ១២ នៅមណ្ឌលសុខភាពទឹកឃ្លាំង។
ឯចំណែកទឹកប្រាក់ចំនួនប្រមាណ $90,000 ដុល្លារទៀតត្រូវបានបែងចែកអោយទៅឃុំចំនួន ៧ ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ សំរាប់ការសាងសង់ស្ថានីយទឹកស្អាតខ្នាតតូចនិងបរិក្ខាចាំបាច់ទាំងឡាយ ក្នុងការផលិតទឹកស្អាតសំរាប់ឃុំទាំង ៧ នោះ៕