
ភ្នំពេញ៖ ទន្ទឹមនឹងមានការ រីករាលដាលខ្លាំងនៃ មេរោគ កូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នាពេលថ្មីៗនេះក៏មានការ ឆ្លៀតឱកាសពីជនខិលខូចមួយចំនួនតូច កេងចំណេញទីផ្សារ លក់ផលិតផល ក្លែងក្លាយ ដែលគ្មាន ទាំងច្បាប់អនុញ្ញាត ខណៈពេលថ្មីៗនេះ ត្រូវបានមន្រ្ដីសមត្ថកិច្ច ចាប់បាន នៅក្នុងតំបន់ ស្ថិតនៅផ្ទះលេខ ២៤បេ ផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បរិមាណសារធាតុមេតាណុល ក្លែងបន្លំជាអាល់កុល មានចំនួនដល់ទៅ ៤២០០លីត ត្រូវចាប់បាន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ មុនពេលដែល បរិមាណទាំងនេះ ត្រូវបានបែងចែក ជាផលិតផលក់រាយ។
ការចុះបង្ក្រាបនេះ បានធ្វើឡើង ដោយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយក ដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលពីមន្ដ្រីក្រសួងសុខាភិបាលនិងមន្ដ្រីស្ដង់ដាជាតិកម្ពុជានៃក្រសួងឧស្សាហ៍កម្ម សិប្បកម្ម និងមន្ដ្រីអាជ្ញាធមូលដ្ឋាន មានការសម្របសម្រួលដោយលោកសាយ ណារ៉ូ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានថ្លែងប្រាប់ ភ្នាក់ព័ត៌មានក្នុងស្រុកថា កម្លាំងរបស់យើងបានចុះទៅផ្ទះលេខ ២៤បេ ផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ដែលបាននាំចូលនិងស្តុកមេតាណុល និងបូមលាយចែកចាយដោយគ្មានច្បាប់អនុញ្ញាត។ ហើយការចែកចាយនេះ នៅពេលដែលប្រជាពលរដ្ឋយកទៅប្រើប្រាស់ បច្ចុប្បន្នដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែជួបបញ្ហាមេរោគកូវីដ១៩ យកទៅធ្វើការលាងសម្អាតដៃវាអាចមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋ ពីព្រោះវាជាមេតាណុល មិនមែនជាអាកុល ហើយប្រជាពលរដ្ឋមិនបានដឹង។
គូសបញ្ជាក់ផងដែរថា ទីផ្សារលក់ផលិតផលការពារមេរោគកូវីដ១៩ នៅទីក្រុងភ្នំពេញបច្ចុប្បន្ន ហាក់មានការកើនឡើង ជាខ្លាំង មិនថា តែប្រភេទម៉ាស ទឹកអាល់កុល ឬឧបករណ៍វាស់កំដៅនោះទេ ស្ថិតក្នុងស្ថានភាពមិនប្រក្រតី ដែលម៉ាសមានការឡើងថ្លៃ ទឹកអាល់គ្មានផ្លាកសញ្ញាក្រុមហ៊ុន នឹងច្បា់លក់ដូរ ច្បាស់លាស់ និង ឧបករណ៍វាស់កំដៅត្រូវបានមានការ យល់ច្រលំប្រើប្រាស់ ខុសគោលដៅ។
អត្ថបទដោយ៖ Stince
ប្រភព៖ ក្នុងស្រុក
