We TV Cambodia

ឆ្នាំ២០២០ កម្ពុជានាំអង្ករទៅក្រៅប្រទេសចំនួនជាង ៦៩០ ០០០តោន និងស្រូវចំនួនជាង ២ ៨០០ ០០០តោន

ឆ្នាំ២០២០ កម្ពុជានាំអង្ករទៅក្រៅប្រទេសចំនួនជាង ៦៩០ ០០០តោន និងស្រូវចំនួនជាង ២ ៨០០ ០០០តោន

ដោយ៖ពេជ្រ

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០ កម្ពុជាបាននាំអង្ករទៅក្រៅប្រទេសចំនួនជាង ៦៩ម៉ឺនតោន និងស្រូវជាង២លាន ៨ សែនតោន។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅក្នុងបណ្ដាយសង្គម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាសមិទ្ធផលដែលកម្ពុជាសម្រេចបាននៅឆ្នាំ២០២០ កន្លងទៅថ្មីៗនេះគឺអង្ករចំនួនជាង ៦៩០ ០០០តោន និងស្រូវចំនួនជាង ២ ៨០០ ០០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រៅពីនេះ កម្ពុជាបាននិងកំពុងធ្វើការនាំ ចេញកសិផលសំខាន់ៗមួយចំនួនទៀតដូចជាផ្លែស្វាយស្រស់ និងកែច្នៃ ផ្លែចេកស្រស់ គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃ ដំឡូងមីស្រស់ និងក្រៀម មានប៉ៃលិនស្រស់ (តាង៉ែន)។

បន្ថែមពីនេះ ក្រសួងកសិកម្ម នៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំផែនការជំរុញកំណើនកសិកម្ម រួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយ:ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងគោលបំណងសំខាន់គឺធ្វើយ៉ាងណា “ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាសធាតុ និរន្តរភាព បង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនវានុវត្តន៍” ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម ព្រមទាំងលើកកម្ពស់ការធ្វើយន្តូបនីយកម្មកសិកម្ម ពិពិធភាវូបនីយកម្មកសិកម្ម និងកសិ-ពាណិជ្ជកម្ម ធ្វើយ៉ាងណាសម្រេចឲ្យបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

ទន្ទឹមនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកអនុវត្តបច្ចេកទេសរៀបចំដី និងប្រើប្រាស់គ្រឿងយន្តកសិកម្មឲ្យបានត្រឹមត្រូវសម ស្របតាមបទដ្ឋាន ស្ថានភាពដី និងប្រភេទដំណាំ រៀងរាល់ឆ្នាំ នាយកដ្ឋានវិស្វកម្មកសិកម្មបានចុះធ្វើការបង្ហាញជាក់ស្តែងអំពីការប្រើគ្រឿងយន្ត ជួសជុល និងបានធ្វើការណែនាំអំពីអត្ថប្រយោជន៍សំខាន់ៗជូនដល់កសិករផងដែរ ដូចជាការត្រួតពិនិត្យបច្ចេកទេសនៃការរៀបចំដីអត្ថប្រយោជន៍នៃការរៀបចំដី និងបច្ចេកទេសនៃការគ្រឿងយន្តក្នងការប្រមូលផល៕

Related Articles