នារដូវកាលកូវិដ១៩ ក្នុងឆ្នាំ២០២០ នេះ អ្នកផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ និងពិធីបុណ្យ ប្រឈមទៅនឹងបញ្ហាហិរញ្ញវត្ថុ ស្ទើរតែពេញមួយឆ្នាំ ២០២០ ដោយសារតែមង្គលការជាច្រើន បានពន្យារពេលទាំងបង្ខំ ដោយសារ តែការបារម្ភពីជំងឺឆ្លងនេះទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តនានា ។ បើយោងតាមហ្វេសបុករបស់គូស្វាមីមួយគូបានឲ្យដឹងថា៖ «ឆ្នាំនេះឆាចោល គ្រាន់តែលើកថ្ងៃរៀបអាពាហ៍ពិពាហ៍អស់៣ដង ហើយក៏សូមអធ្យាស្រ័យបងប្អូនទាំងអស់ដែលបានកក់សំបុត្រយន្តហោះ កាត់រ៉ូប ខោអាវសំរាប់ចូលរួមកម្មវិធីខ្ញុំទាំងពីរនាក់ ខ្ញុំបាទលើកពេលទៅឆ្នាំក្រោយទៀតហើយ គោរពអរគុណបងប្អូនទាំងអស់គ្នា ដែលស្រលាញ់រាប់អានខ្ញុំ។
យ៉ាងណាមិញ សូម្បីតែ ឯក ឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ក៏បានប្រកាសពីការលើកពេល រៀបអាពាហ៍ពិពាហ៍កូនប្រុសរបស់លោកផងដែរ។ ក្រៅពីនោះមានពលរដ្ឋជាច្រើនគូ បានបង្ខំចិត្តពន្យាពេលរៀបអាពាហ៍ពិពាហ៍នៅឆ្នាំនេះ ដោយនឹងពន្យាពេលនៃការរៀបចំរហូតដល់បញ្ហាជំងឺ COVID-19 ត្រូវបានគ្រប់គ្រងបានទាំងស្រុង។
គួរបព្ជាក់ផងដែរថា ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានសុំច្បាប់រៀបអាពាហ៍ពិពាហ៍ ៨៨៦គូ សម្រាប់ខែវិច្ឆិកា និងខែធ្នូនេះ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានប្រកាសផ្អាកការជួបជុំលក្ខណៈបែបនោះសិន។ រីឯបញ្ហាទាំងអស់នេះ ម្ចាស់ចុងភៅចល័ត ទីតាំងរៀបអាពាហ៍ពិពាហ៍ ផ្កាស្រស់ តន្ត្រីសម័យ និងសេវាកម្មផ្សេងៗទៀត ក៏ជួបបញ្ហាដូចគ្នាៗ សម្រាប់ក្នុងមួយរដូវរៀបអាពាហ៍ពិពាហ៍នេះ ពួកគេត្រូវបានខាតបាត់បង់ប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិក ដោយសារមានការលើក ឬលុបពិធីទាំងអស់នេះ។
អត្ថបទដោយ៖ ពិសី
