We TV Cambodia

ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជួយភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅនឹងសេដ្ឋកិច្ចពិភពលោក

ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជួយភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅនឹងសេដ្ឋកិច្ចពិភពលោក

ដោយៈ ទិន សុខាវុធ

ច្បាប់ស្តី​ពីពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក មាន ១២ ជំពូក និង ៦៧ មាត្រា ដែល​ត្រូវ​បានសភាជាតិអនុម័យជា​ស្ថាពរ​នៅសម័យ​ប្រជុំ​ពេញ​អង្គ នាថ្ងៃ​ទី ៨ ខែ តុលា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ នឹង​ជួយ​​ភ្ជាប់​សេដ្ឋកិច្ច​កម្ពុជា​ទៅនឹងសេដ្ឋកិច្ច​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​។

មួយវិញទៀត នៅ​ពេលដែលសេចក្តីព្រាង​ច្បាប់នេះ​ចូល​ជា​ធរមាន វា​នឹង​ក្លាយ​ជា​មូលដ្ឋាន​ដ៏​សំខាន់ សំរាប់​ការប្រកប​មុខ​របរ​​រកស៊ី​ តាម​ប្រព័ន្ធ​អេឡិកត្រូនិក​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​។

ជាក់ស្តែង ច្បាប់នេះ​នឹង​​បង្កើននូវ​ភាព​ទុក​ចិត្ត​រវាង​អ្នកទិញ​និង​អ្នកលក់ ព្រោះ​វា​នឹង​ធានា​អោយ​មាន​សុពលភាព អានុភាព ភាពអនុវត្តបាន និងភាព​អាច​ទទទួល​យក​បាន​ នៅក្នុង​កំណត់​ត្រា​អេឡិចត្រូនិក និង​កិច្ចសន្យា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នានា​​​។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​នៅ​ក្នុង​សភាជាតិ សេចក្តីព្រាង​ច្បាប់​នេះ​នឹង​ចូល​រួម​យ៉ាង​សកម្ម​ ក្នុងការអភិវឌ្ឍ​ទីផ្សារ​សេដ្ឋកិច្ច​ឌីជីតល់​នៅ​កម្ពុជា ពីព្រោះ​ក្របខណ្ឌ​ច្បាប់​និងបទដ្ឋានគតិយត្តិ​នានា នឹងជួយ​គាំទ្រ​ដល់​សកម្មភាព​និង​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

ជាពិសេស​ ច្បាប់នេះនឹងតភ្ជាប់សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅ​កម្ពុជា​ទៅ​នឹង​ខ្សែ​សង្វាក់​ផលិតកម្ម​ក្នុង​តំបន់​ និង​ក្នុង​ពិភពលោក​។

មួយវិញទៀត ច្បាប់​នេះ​​នឹង​ជួយ​ជំរុញ​ផង​ដែរ អោយ​មាន​ការច្នៃ​ប្រឌិត​ ការបង្កើន​ផលិតភាព និង​សេវា​ថ្មី​ៗ​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹងតំរូវការ​នៅ​លើ​​ទីផ្សារ​​ជាតិ​និង​អន្តរជាតិ​៕

Related Articles