We TV Cambodia

ច្បាប់ថ្មីជួយបង្កើនតំលាភាពនិងប្រសិទ្ធភាព ក្នុងវិស័យជំនួញ

រូបថតៈ We TV Cambodia

 
 

ដោយៈ ទិន សុខាវុធ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អាទិត្យ បានលើកឡើង​ថា ពង្រាងច្បាប់ថ្មីស្តីពីតំបន់សេដ្ឋកិច្ចពិសេសនិងការវិនិយោគនៅកម្ពុជា កំពុងត្រូវ​បានតាក់តែង​ឡើង ដោយ​រាជ​រដ្ឋាភិបាល​​របស់លោក​។

លោក​បានបន្ថែមទៀត​ថា ច្បាប់​ថ្មីទាំងនោះ​នឹង​ជួយលើក​ទឹកចិត្ត​បណ្តាអ្នកវិនិយោគ​ជាតិ​និងអន្តរជាតិ អោយ​បោះទុនវិនិយោគនៅកម្ពុជា អោយ​បានកាន់តែ​ច្រើនឡើងថែមទៀត​ ដោយហេតុ​ថា ច្បាប់​ទាំងនោះនឹងជួយ​បង្កើនតំលាភាព​​ក្នុង​វិស័យ​ជំនួញ និង​ជួយ​លើកស្ទួយ​ការប្រកួតប្រជែង​ក្នុង​វិស័យ​នេះ អោយប្រកបដោយ​​ភាពយុត្តិធម៌​​​និង​ស្មើភាព​។ ជារួម​ ច្បាប់​ទាំងនោះនឹងជួយ​ធ្វើអោយ​បរិយាកាស​ធុរកិច្ចនៅកម្ពុជា ​កាន់តែ​មាន​ភាពល្អប្រសើរឡើងថែមទៀត។

«ទន្ទឹមនេះ រាជ​រដ្ឋាភិបាលបាននិងកំពុង​រៀបចំ​ច្បាប់​វិនិយោគថ្មី និង​ច្បាប់​ស្តី​ពី​តំបន់សេដ្ឋកិច្ច​ពិសេស ក្នុង​គោលបំណង​បង្កើត​​នូវ​ក្របខណ្ឌ​គតិយុត្តិ​ ដែលបើកចំហរ មាន​តំលាភាព អាច​ប៉ាន់ប្រមាណបាន ប្រកបដោយ​ភាព​អំណោយផល និង​ប្រសិទ្ធិភាព សំរាប់​ការវិនិយោគ»  នេះ​ជា​ការលើកឡើង​របស់លោកនាយក​រដ្ឋ​មន្ត្រី នៅ​ក្នុង​សន្ទរកថាបើក​ការតាំង​ពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញ-នាំចូល កម្ពុជាលើកទី១៤ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ​។

លើស​ពី​នេះ​ទៀត សម្តេច​ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា គំរោង​វិនិយោគបរទេស (FDI) បាននិង​កំពុង​ដើរ​តួ​នាទី​​​ដ៏​សំខាន់ ក្នុង​ការបង្កើតការងារ​​ ជា​ប្រភព​ហិរញ្ញប្បទាន ​ជាការផ្ទេរ​នូវ​ចំណេះ​ដឹងក្នុង​មុខ​ជំនាញសំខាន់ៗ អោយដល់ជនកម្ពុជា សំរាប់ការអភិវឌ្ឍ​ប្រទេស​ជាតិ។

មួយវិញទៀត លោក​នាយក​រដ្ឋ​មន្ត្រីក៏​បានគូសបញ្ជាក់​ផងដែរ​ថា កម្ពុជា​បាននិងកំពុង​តភ្ជាប់​សេដ្ឋកិច្ចរបស់ខ្លួន​​ទៅ​នឹងសេដ្ឋកិច្ចពិភពលោក ដោយ​ធ្វើការនាំ​ចេញនូវ​មុខ​ទំនិញ​ជាច្រើនមុខទៅកាន់ប្រទេស​ជាច្រើននៅ​ជុំវិញ​ពិភពលោក និងនាំ​ចូល​មកវិញពីប្រទេមួយ​ចំនួន​នូវមុខ​ទំនិញ​ចាំចាប់​សំរាប់ទីផ្សារកម្ពុជា​។

ទាក់ទង​នៅនឹងការតភ្ជាប់ទៅនឹងសេដ្ឋកិច្ចពិភពលោកនិង​តំបន់ ថ្មីៗ​នេះ ធនាគារពិភពលោក (World Bank) បាន​ផ្តល់​​នូវ​អនុសាសន៍មួយ​ចំនួន ដែល​នៅ​ក្នុង​នោះ ការ​តភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​ទៅ​នឹងសេដ្ឋកិច្ច​ពិភពលោក​និងតំបន់​ជា​កត្តាមួយ​ដ៏​សំខាន់​ ដែលអាច​ជួយ​ធ្វើ​​អោយ​កំណើនសេដ្ឋកិច្ចរបស់​កម្ពុជា​​មានស្ថេរភាព នៅចំពោះមុខហានិភ័យ​នៃ​ការបាត់បង់​ EBA  និង​ការចុះ​ខ្សោយ​នៃ​កំណើន​​សេដ្ឋកិច្ចនៅ​​ប្រទេស​ចិន​ដែល​ជា​ប្រភព​​ហិរញ្ញប្បទានដ៏​សំខាន់​​សំរាប់​កម្ពុជា​។

យោ​ងតាម​​ធនាគា​រពិភពលោក ក្នុង​បរិបទ​នៃ​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​ទៅ​នឹងសេដ្ឋកិច្ចពិភពលោក កម្ពុជា​ចាំបាច់​ត្រូវ​លើកស្ទួយ​វិស័យ​ឯកជន​​ និងសហគ្រិនភាព ដោយ​ធ្វើ​យ៉ាង​ណាជួយ​សំរួល​អោយ​​វិនិយោគិន​និងអ្នក​ជំនួញ​ទាំងឡាយ អាច​ដាក់ទុនវិនិយោគនិងឬ​បើកមុខ​ជំនួញ​របស់​ពួក​គេ បានយ៉ាង​ងាយ​ស្រួល​។

មួយវិញទៀត ធនាគារពិភពលោក​បានបន្ថែម​ទៀតថា ការបង្កើត​នូវ​គោលនយោបាយ​សារពើពន្ធ​ដ៏​ត្រឹម​ត្រូវ​មួយ ដែល​ជួយ​លើក​ទឹក​ចិត្ត​ដល់​អ្នកវិនិយោគ ​អាច​ជា​មធ្យោបាយ​មួយ​ទប់ទល់​នឹង​ឥទ្ធិពល​ដ៏​អាក្រក់ កើត​ឡើង​ពីការ​បាត់បង់​ EBA ជាយថាហេតុ​​។

យ៉ាងណាម៉ិញ នៅ​ក្នុង​របាយការណ៍​របស់​ធនាគារ​ពិភពលោក ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ២៤ ខែ តុលា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ធនាគារមួយ​​នេះ​បាន​លើក​ឡើង​ថា បរិយាកាស​អំណោយ​ផល​ក្នុង​ការធ្វើ​ជំនួញ​នៅ​កម្ពុជា នឹងចុះ​ថយ​នៅ​ក្នុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ​​ ដោយ​ហេតុថា​កម្ពុជា​នឹងត្រូវ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ១៤៤ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៩០ ។

យោង​តាមធនាគារពិភពលោក កម្ពុជា​មិន​បាន​​បង្ហាញ​អោយ​ឃើញ​ពី​ការកែទំរង់ណា​មួយ​​ក្នុង​វិស័យ​ធ្វើ​ជំនួញ​នោះទេ​។ ផ្ទុយ​ទៅ​វិញ មាន​ការកែប្រែ​មួយ​ចំនួនដែល​នឹងធ្វើ​អោយ​កាន់​តែ​មានភាព​ស្មុគស្មាញ​ថែមទៀត ដល់​ការធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​។

ទាក់ទង​នឹង​បញ្ហានេះ ​កន្លង​មក រាជ​រដ្ឋាភិបាល​​បាន​ធ្វើ​កំណែ​ទំរង់​មួយ​ចំនួន ដែល​រាជ​រដ្ឋាភិបាល​យល់​ថា ជាការបង្ក​បរិយាកាស​អំណោយ​ផល​ដល់​ការ​វិនិយោគ​ឬ​ការធ្វើ​ជំនួញ​ទាំងឡាយ មាន​ដូច​ជា​ការ​ពង្រីក​បន្ថែម​នូវ​ការិយាល័យច្រក​ចេញ​ចូល​តែ​មួយ (One Window Service Office) អោយ​មាន​នៅ​គ្រប់​ខេត្តក្រុង​​នៅ​ទូទាំងផ្ទៃ​ប្រទេស ក្នុង​ទិសដៅ​កាត់​បន្ថយ​និង​ពន្លឿន​ការធ្វើ​​ក្រដាស​ស្នាម​រដ្ឋបាល​​នានា​សំរាប់​បណ្តាក្រុមហ៊ុន​ផ្សេង​ៗ​។

លើស​ពីនេះ​ទៀត​ ថ្មី​ៗ​នេះ រាជ​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន អោយ​នៅ​សល់​យ៉ាង​តិច​បំផុត​បើ​អាច​ធ្វើ​ទៅបាន ក្នុង​គោលដៅ​ជួយ​សំរួល​និង​​ពន្លឿន​ល្បឿន​នៃ​ការ​​នាំ​ចេញ​ទំនិញរបស់​បណ្តា​ក្រុមហ៊ុន​ទាំងឡាយ ទៅ​កាន់​ប្រទេស​នៅ​ក្នុង​តំបន់​៕

Related Articles